ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការគាំទ្រការធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃចន្ទ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតី អាស៊ែបៃហ្សង់ លោក Ilham Aliyev លោក Putin បានបញ្ជាក់ពីតួនាទីរបស់រុស្ស៊ី ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ដោយផ្អែកលើកិច្ចព្រមព្រៀងត្រីភាគីដែលបានឈានដល់ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២២ ដោយមេដឹកនាំរុស្ស៊ី អាស៊ែបៃហ្សង់ និងមេដឹកនាំអាមេនី។

លោកPutin និយាយថា យើងត្រូវរៀបចំដើម្បីជួយក្នុងការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែន ដោយប្រើប្រាស់ឯកសារពាក់ព័ន្ធក្នុងសម័យសូវៀត ព្រមទាំងការបើកផ្លូវឆ្លងកាត់ព្រំដែន និងបង្កើតទំនាក់ទំនងមនុស្សធម៌។
លោក Putin និយាយថា ប្រសិនបើយើងអាចរួមចំណែកដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាង ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី សម្រេចបានការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែន និងបើកផ្លូវដឹកជញ្ជូនចាំបាច់ និងផ្លូវសេដ្ឋកិច្ច នោះយើងពិតជារីករាយណាស់។