ប្រទេសចិន កាលពីថ្ងៃចន្ទ (១៩ សីហា) បានអនុម័តការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ១១ នៅទូទាំងទីតាំងចំនួន៥ ដែលជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រានៃការអនុញ្ញាត ខណៈរដ្ឋាភិបាលពឹងផ្អែកលើថាមពលអាតូមិកកាន់តែច្រើនឡើងដើម្បីគាំទ្រការជំរុញរបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។

ក្រុមប្រឹក្សារដ្ឋ បានអនុញ្ញាតលើគម្រោងម៉ាស៊ីនរ៉េអាក់ទ័រថ្មីនៅ ៥ទីតាំងក្នុងខេត្ត ជាំងស៊ូ (Jiangsu), សានតុង (Shandong), ក្វាងតុង (Guangdong), ជឺជាំង (Zhejiang) និង ក្វាងស៊ី (Guangxi) នេះបើតាមសារព័ត៌មានថាមពលចិន CEN ដែលគ្រប់គ្រងដោយរដ្ឋ។ ការវិនិយោគសរុបសម្រាប់ ១១យូនីតនេះនឹងមានតម្លៃយ៉ាងហោចណាស់ ២២០ពាន់លានយ័ន (ជាង ៣១ពាន់លានដុល្លារអាមេរិក) ជាមួយនឹងការសាងសង់ចំណាយពេលប្រហែល ៥ឆ្នាំ។

ប្រទេសចិន មានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលកំពុងសាងសង់ច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក ហើយបានអនុម័តម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប្រទេសចិន ត្រូវបានគេរំពឹងថានឹងនាំមុខបារាំង និងសហរដ្ឋអាមេរិក ហើយក្លាយជាប្រទេសផលិតថាមពលអាតូមិកឈានមុខគេរបស់ពិភពលោកនៅឆ្នាំ២០៣០ នេះបើយោងតាមសារព័ត៌មាន ប្លូមប៊ឺក (BloombergNEF)។
ចិនមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន៥៦ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នាដែលស្មើនឹងប្រហែល ៥ភាគរយនៃតម្រូវការអគ្គិសនីសរុប នេះបើយោងតាមសមាគមថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន។ ស្ថាប័នវិនិយោគចិន ស៊ីទិក សេឃ្យូរីតធី (Citic Securities) បាននិយាយនៅក្នុងកំណត់ត្រាមួយថា ទីក្រុងប៉េកាំង ទំនងជានឹងអនុម័តម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០ ជារៀងរាល់ឆ្នាំសម្រាប់រយៈពេលពី ៣ទៅ ៥ឆ្នាំខាងមុខនេះ៕