អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយកាលពីថ្ងៃចន្ទថា សិទ្ធិរបស់ប្រទេសរបស់លោកក្នុងការឆ្លើយតបទៅនឹងការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) និងការស្វែងរកបទឈប់បាញ់នៅហ្កាហ្សា គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ ខណៈពេលដែលឆ្លើយតបទៅនឹងសំណួរអំពីថាតើឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការសម្រេច បានបទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងប៉ះពាល់ដល់ ឬពន្យារពេលការឆ្លើយតបរបស់ខ្លួនចំពោះការធ្វើឃាតលោក ហានីយេ កាលពី ថ្ងៃទី ៣១ ខែកក្កដា ដែរឬទេ?

លោក Kanaani បានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភលើបូរណភាពទឹកដី និងសន្តិសុខជាតិរបស់អ៊ីរ៉ង់ ដោយធ្វើឃាតលោក ហានីយេ ដែលជាភ្ញៀវនយោបាយជាន់ខ្ពស់របស់អ៊ីរ៉ង់ ហើយបានសង្កត់ធ្ងន់ថា ការឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គឺជាការទាមទាររបស់អន្តរជាតិ និងមិនទាក់ទងនឹង «សិទ្ធិត្រឹមត្រូវតាមច្បាប់ ស្របច្បាប់ និងទទួលស្គាល់របស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងអ្នកឈ្លានពាន និងដាក់ទណ្ឌកម្មអ៊ីស្រាអែលចំពោះការសម្លាប់លោក ហានីយេ»។
ទាក់ទងនឹងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា លោក Kanaani បានបញ្ជាក់ថា លទ្ធផលយ៉ាងណានោះ គឺស្ថិតនៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកសម្រេច ខណៈដែលក្រុមហាម៉ាស បានបង្ហាញទស្សនៈរបស់ខ្លួនរួចហើយនោះ។