លោក Narendra Modi នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បាននិយាយថា ប្រទេសឥណ្ឌា និងម៉ាឡេស៊ី នឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាបន្ទះអេឡិកត្រូនិច បច្ចេកវិទ្យាហិរញ្ញវត្ថុ និងផលិតកម្មការពារជាតិ ខណៈដែលប្រទេសទាំង២ សម្លឹងដល់ការស្តារទំនាក់ទំនងឡើងវិញ ដោយការលើកឡើងនេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានជួបជាមួយសមភាគីម៉ាឡេស៊ី នៅទីក្រុង New Delhi។
ទំនាក់ទំនងរបស់ប្រទេសទាំង២ បានចាប់ផ្ដើមមានភាពល្អក់កករ នៅក្នុងរង្វង់ចុងឆ្នាំ២០១៩ បន្ទាប់ពីនាយករដ្ឋមន្ត្រីនាពេលនោះរបស់ប្រទេសម៉ាឡេស៊ីដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើន គឺលោកលោក Mahathir Mohamad បានធ្វើការអត្ថាធិប្បាយមួយចំនួន ប្រឆាំងនឹងទីក្រុង New Delhi ជុំវិញការដកស្វ័យភាពរបស់ Kashmir ដែលជាតំបន់មានជនមូស្លីមភាគច្រើនរបស់ប្រទេសឥណ្ឌា។ ការប្រេះឆានោះក៏បានប៉ះពាល់ដល់ការទិញរបស់ឥណ្ឌា ចំពោះប្រេងដូងរបស់ម៉ាឡេស៊ីផងដែរ។
ដោយមិនបានប្រាប់ជាក់លាក់នូវអ្វីដែលនឹងត្រូវលើកឡើងនោះ តែបានកត់សម្គាល់ថា ម៉ាឡេស៊ីបានវិនិយោគលើទឹកប្រាក់ ៥ពាន់លានដុល្លារនោះ លោក Modi បាននិយាយថា៖ «យើងបានសម្រេចថា យើងនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់យើងឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ហើយជាមួយគ្នានេះ លោកបានបន្ថែមថា ប្រទេសទាំង២ ក៏បាន និងកំពុងដោះដូរពាណិជ្ជកម្មទ្វេភាគីជារូបិយប័ណ្ណរូពី និងរីងហ្គីតរបស់ខ្លួនផងដែរ។ ប្រទេសឥណ្ឌា បាន និងកំពុងប្រឹងប្រេងជំរុញឲ្យមានការទទួលយកប្រាក់រូពី ខណៈដែលទណ្ឌកម្មលើបណ្ដាប្រទេសនានា ដូចជារុស្ស៊ីជាដើម បង្ហាញឲ្យឃើញពីភាពពឹងផ្អែកខ្លាំងរបស់ខ្លួនលើប្រាក់ដុល្លារ។
ចំណែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ប្រទេសរបស់លោកនឹងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌាឡើងវិញលើគ្រប់វិស័យ៕