អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ដែលជាប្រទេសមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូង គ្មានមានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាដែនសមុទ្ររវាងចិន និងហ្វីលីពីនឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning) បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការចូលដែនទឹកដោយគ្មានការអនុញ្ញាតរបស់នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីនចំនួនពីរគ្រឿង ក្នុងដែនទឹកក្បែរតំបន់មានជម្លោះស៊ៀនប៉ិន ជីវ ( Xianbin Jiao) ក្នុងប្រជុំកោះ ណានសាកាន់តាវ ( Nansha Qundao) របស់ប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោកស្រីម៉ៅ និយាយថា ហ្វីលីពីនគឺជាប្រទេសដំបូងដែលបំពានសិទ្ធិរបស់ប្រទេសចិន ហើយថាប្រទេសចិនបានចាត់វិធានការស្របច្បាប់ដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ដែលស្របច្បាប់ និងហួសពីការរិះគន់ទៅទៀត។
លោកស្រីបាននិយាយថា សហរដ្ឋអាមេរិក មិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូង គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាដែនសមុទ្ររវាងចិន និងហ្វីលីពីន ហើយក៏មិនគួរប្រើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ជាលេសដើម្បីរំលោភលើអធិបតេយ្យភាពរបស់ចិន និងសិទ្ធិនៅសមុទ្រចិនខាងត្បូងដែរ។
លោកស្រីបានបន្ថែមទៀត សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមដាក់គ្នានៅក្នុងតំបន់ និងជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យភាពតានតឹងកាន់តែខ្លាំង៕