មន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (២០ សីហា) ថា នៅក្នុងតំបន់ហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ការស្លាប់ហាក់ដូចជា «ភាពប្រាកដប្រជាតែមួយគត់» សម្រាប់ប្រជាជនប៉ាឡេស្ទីន ២,៤លាននាក់ ដែលគ្មានផ្លូវគេចផុតពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ដោយរៀបរាប់ពីភាពអស់សង្ឃឹមដែលកំពុងកើនឡើងនៅទូទាំងទឹកដីមួយនេះ។

លោកស្រី លូអ៊ីស វ៉លធើរីច (Louise Wateridge) អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានប្រាប់សារព័ត៌មាន AFP ពីតំបន់ហ្កាហ្សាថា «វាហាក់ដូចជាមនុស្សម្នាកំពុងរង់ចាំសេចក្តីស្លាប់។ ការស្លាប់ហាក់ដូចជាភាពប្រាកដប្រជាតែមួយគត់នៅក្នុងស្ថានភាពបែបនេះ»។

អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកស្រី Wateridge បានស្ថិតនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដោយមើលឃើញពីវិបត្តិមនុស្សធម៌ ការភ័យខ្លាចនៃការស្លាប់ និងការរីករាលដាលនៃជំងឺ ខណៈសង្រ្គាមនៅតែបន្តយ៉ាងខ្លាំងក្លា។ ថ្លែងពីតំបន់ នូសៃរ៉ាត់ (Nuseirat) ភាគកណ្តាលហ្កាហ្សា ដែលជាគោលដៅទៀងទាត់នៃការវាយលុកតាមអាកាសរបស់អ៊ីស្រាអែលថា អ្នកនាំពាក្យ UNRWA រូបនេះនិយាយថា «គ្មានកន្លែងណាមានសុវត្ថិភាពនោះទេក្នុងតំបន់ហ្កាហ្សា ហើយនេះជារឿងដ៏សោកសៅ និងគួរឲ្យភ័យខ្លាចបំផុត»។

ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងក្នុងខែតុលា កងកម្លាំងអ៊ីស្រាអែលបានវាយលុកទឹកដីហ៊ុមព័ទ្ធនេះពីលើអាកាស ដីគោក និងសមុទ្រ ដោយបានបំផ្លាញភាគច្រើនរបស់តំបន់ហ្កាហ្សាទៅជាកម្ទេចថ្ម។ ឥឡូវនេះនៅក្នុងខែទី១១ របស់ខ្លួន សង្រ្គាមបានបង្កើតឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ខណៈមនុស្សរាប់សែននាក់ ដែលភាគច្រើនត្រូវបានភៀសខ្លួនជាច្រើនដង ពុំមានស្បៀងអាហារគ្រប់គ្រាន់ ទឹកស្អាត និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត៕