នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បាននិយាយនៅថ្ងៃពុធ (២១ សីហា) នេះថា លោកនឹង «ចែករំលែកទស្សនៈ» ស្តីពីដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគីវ នៅក្នុងសប្តាហ៍នេះ។

លោក Modi បានចាកចេញទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃពុធនេះ ហើយនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងគីវ នៅថ្ងៃសុក្រ (២៣ សីហា) ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែន ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងកាលពី ៣០ឆ្នាំមុនមក។ ដំណើររបស់លោក Modi ទៅអ៊ុយក្រែន ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ និងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពិភាក្សាពីសង្រ្គាមជាមួយអ៊ុយក្រែន ដែលចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ មកនេះ។

លោក Modi បានថ្លែងមុនការចាកដំណើររបស់លោកថា «ក្នុងនាមជាមិត្ត និងដៃគូ យើងសង្ឃឹមថានឹងមានការវិលត្រឡប់មកវិញឆាប់ៗនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ ឥណ្ឌា បានទទូចម្តងហើយម្តងទៀតឱ្យអ៊ុយក្រែន និងរុស្ស៊ី ប្រើការសន្ទនានិងការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Modi ទៅរុស្ស៊ីកាលពីខែមុន ស្របពេលជាមួយនឹងការវាយប្រហារដ៏បង្ហូរឈាមទៅលើមន្ទីរពេទ្យកុមារក្នុងទីក្រុងគីវ បន្ទាប់មកលោក Modi បានប្រាប់លោក Putin ថា ការស្លាប់របស់កុមារស្លូតត្រង់គឺជារឿងដ៏ឈឺចាប់ និងគួរឱ្យភ័យខ្លាចបំផុត ហើយបានជំរុញឱ្យមានការដោះស្រាយដើម្បីបញ្ចប់ជម្លោះ៕