ប្រទេសអ៊ីរ៉ង់ បានបិទសាខាចំនួនពីរនៃ«មជ្ឈមណ្ឌលខុសច្បាប់ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់» នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ ដោយសារតែ «សកម្មភាពខុសច្បាប់ផ្សេងៗ និងការរំលោភលើផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងឡើង»។
ទីភ្នាក់ងារសារព័ត៌មាន Mizan នៃស្ថាប័នតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា ការបិទនេះ ធ្វើឡើងតាមដីកាតុលាការសម្រាប់ «ការរំលោភលើច្បាប់អ៊ីរ៉ង់»របស់សាខានៃមជ្ឈមណ្ឌលទាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ បានចេញផ្សាយពីរូបថតរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដែលបានទម្លាក់ស្លាកសញ្ញាវិទ្យាស្ថានភាសាអាល្លឺម៉ង់នៅទីក្រុងតេអេរ៉ង់។
យោងតាមរបាយការណ៍នេះ អាជ្ញាធរអ៊ីរ៉ង់ ក៏បានទទួលរបាយការណ៍អំពីការរំលោភបំពានដោយមជ្ឈមណ្ឌលផ្សេងទៀត ដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ ដោយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ការបិទនេះ បានកើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់កាលពីខែកក្កដា ក្នុងការហាមឃាត់មជ្ឈមណ្ឌលឥស្លាមនៅទីក្រុង Hamburg និងអង្គការដែលពាក់ព័ន្ធនៅទូទាំងប្រទេសអាល្លឺម៉ង់ដោយអះអាងថា មជ្ឈមណ្ឌល នេះគឺជា «អង្គការជ្រុលនិយមឥស្លាមដែលបន្តគោលបំណងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ» ។
ជាការឆ្លើយតប អ៊ីរ៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំទីក្រុងតេអេរ៉ង់ ហើយបានថ្កោលទោសការសម្រេចចិត្តនេះថា ជា «ទង្វើអរិភាពដែលផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្ស»។