បាល់ទាត់៖ ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Edinson Cavani នឹងអវត្តមានពីការប្រកួតក្របខណ្ឌ UEFA Champions League រាត្រីនេះឱ្យក្រុមបិសាចក្រហម Manchester United ទល់នឹង Young Boys ដោយសាររបួស។

យ៉ាងណាក្តីខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo មិនមានបញ្ហាឡើយនឹងបានធ្វើដំណើររួមក្រុមទៅកាន់ទឹកដីស្វ៊ីស។ Edinson Cavani បានទទួលរងរបួសអំឡុងការហ្វឹកហាត់មុនការប្រកួតយកឈ្នះ Newcastle កាលពីថ្ងៃសៅរ៍ ៤-១ នោះ។ អ្នកចាត់ការ Ole Gunnar Solskjaer បានឱ្យដឹងថា កីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រូវអវត្តមានយ៉ាងណាណាស់ ១ រឺ ២សប្តាហ៍។
ដោយឡែកកីឡាករវ័យ ១៩ឆ្នាំ Anthony Elanga និងអ្នកចាំទីវ័យ ២២ឆ្នាំ Matej Kovar សុទ្ធតែស្ថិតក្នុងបញ្ជីកីឡាករទាំង ២២នាក់ដែលបានធ្វើដំណើរទៅ។ ជំនួបទល់នឹង Young Boys យប់ថ្ងៃអង្គារនេះនឹងជាការប្រកួតដំបូងរបស់ Ronaldo នៅ Manchester United ក្នុងក្របខណ្ឌ UEFA Champions League គិតតាំងពីប្រកួតចុងក្រោយពេល Manchester United ចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០០៩៕
អត្ថបទ៖នាង សុភាវុធ