មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន ABC News កាលពីថ្ងៃពុធសប្ដាហ៍នេះថា កងកម្លាំងអ៊ុយក្រែនពុំទាន់បានបង្កើតខ្សែការពារនៅឡើយទេ ខណៈពួកគេបន្តប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងតំបន់ឃើស(Kursk) របស់ប្រទេសរុស្ស៊ី។នៅកាលៈទេសគ្គនេះអាចឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ៊ុយក្រែន ក្នុងភាពជោគជ័យបន្ថែមទៀតសម្រាប់ការវាយលុក ដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងក្នុងចំណោមមន្ត្រីអាមេរិកមួយចំនួន ថា ការបរាជ័យក្នុងការទទួលបានជ័យជម្នះក្នុងពេលឆាប់ៗនេះ អាចទុកឱ្យកងទ័ពរបស់ខ្លួនងាយរងគ្រោះចំពោះការវាយបករបស់រុស្ស៊ីនាពេលខាងមុខ។

មន្ត្រីអាមេរិករូបនេះបាននិយាយថា រុស្ស៊ីពុំបានចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែននៅទីនោះធ្ងន់ធ្ងរទេពីដំបូង។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ Pat Ryder បាននិយាយថា សហរដ្ឋអាមេរិក បានមើលឃើញតែចំនួនតិចតួច នៃកងកម្លាំងរុស្ស៊ី ដែលធ្វើដំណើរទៅកាន់តំបន់ឃើស។

ប៉ុន្តែឥឡូវនេះ សហរដ្ឋអាមេរិក បានឃើញរលកទីពីរដ៏សំខាន់នៃកងទ័ពរុស្ស៊ី កំពុងត្រៀមដើម្បីពង្រឹងតំបន់នេះ ដែលមកពីទីតាំងទាំងនៅក្នុងអ៊ុយក្រែន និងរុស្ស៊ី នេះបើយោងតាមមន្ត្រីដែលបាននិយាយថា អង្គភាពមួយចំនួនអាចទៅដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដោយភាគច្រើននៃការពង្រឹងកម្លាំង ត្រូវបានរំពឹងទុកក្នុងរយៈពេលពីរសប្តាហ៍ទៀត៕