នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោកយ៉ូអាវ ហ្គាលែន(Yoav Gallant) របស់ប្រទេសអ៊ីស្រាអែល បានប្រកាសពីការត្រៀមខ្លួនរបស់អ៊ីស្រាអែល ប្រឆាំងការគំរាមកំហែងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរៀងៗខ្លួន ទៅកាន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានទ័ពអាកាស Ramat David នៅភាគខាងជើង លោក Netanyahu បាននិយាយថា យោធាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញគ្រប់សេណារីយ៉ូ ទាំងការការពារ និងការវាយលុក។
នៅថ្ងៃដដែលនោះដែរ លោក Gallant បានវាយតម្លៃពីប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាស្ទ្រីប ដែលជាលទ្ធផលលោកនិយាយថា បានបំផ្លាញផ្លូវរូងក្រោមដីជាង១៥០កន្លែង ។

ទន្ទឹមនឹងនេះដែរ អង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិលរបស់ដែនដី បាននិយាយថាយោធាអ៊ីស្រាអែលបានវាយប្រហារលើសាលារៀន និងលំនៅឋានក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងរបួស ១៥ នាក់។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៥០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតែពិបាកយល់ និងពុំទទួលបានលទ្ធផល។