រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃពុធ (២១ សីហា) ថា កងពលនៅទីក្រុងរ៉ាហ្វា (Rafah) របស់ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ត្រូវបាន «កម្ចាត់» ហើយបង្ហើបថាយោធាកំពុងផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅការប្រយុទ្ធជាមួយក្រុមហេសបូឡា (Hezbollah) នៅភាគខាងជើងតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់។
លោក Gallant បានធ្វើការលើកឡើងបែបនេះក្នុងអំឡុងពេលដំណើរទៅកាន់ច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) ជាតំបន់តាមបណ្តោយព្រំដែនហ្កាហ្សា-អេហ្ស៊ីប ដែលអ៊ីស្រាអែល ព្យាយាមរក្សាការគ្រប់គ្រង។ រដ្ឋមន្ត្រីការពារជាតិរូបនេះនិយាយថា កងពលលេខ១៦២ នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាន «យកឈ្នះ» លើកងកម្លាំងក្រុងរ៉ាហ្វា របស់ក្រុមហាម៉ាស។
កាលពីខែឧសភា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកជើងគោកដ៏ធំមួយនៅក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដែលធ្លាប់ត្រូវបានកំណត់ថាជា «តំបន់សុវត្ថិភាព» និងកំពុងផ្តល់ជម្រកដល់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីនជាងមួយលាននាក់។ លោក Gallant និយាយថា ក្នុងអំឡុងពេលនៃការវាយលុកលើក្រុងចុងខាងត្បូងរបស់ហ្កាហ្សាមួយនេះ កងកម្លាំងបានបំផ្លាញផ្លូវរូងក្រោមដីចំនួន ១៥០កន្លែងរបស់ក្រុមហាម៉ាស។
នាពេលថ្មីៗនេះ មន្ត្រីសន្តិសុខអ៊ីស្រាអែលបានអះអាងថា គោលដៅយោធាដ៏មានសក្តានុពលភាគច្រើននៅក្នុងតំបន់ហ្កាហ្សា ត្រូវបានកម្ចាត់អស់ហើយ។ លោក Gallant បានបញ្ជាក់ថា ពេលនេះយោធាកំពុងផ្លាស់ប្តូរការផ្តោតទៅភាគខាងជើងអ៊ីស្រាអែល ជាទីដែលជម្លោះបន្តជាមួយក្រុមហេសបូឡា កើនឡើងកាន់តែខ្លាំងឡើងចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក៕