បាល់ទាត់៖ ក្រុមយក្សអេស្ប៉ាញជើងឯក ៥សម័យ FC Barcelona និងជើងឯក ៦សម័យក្រុមយក្សអាល្លឺម៉ង់ FC Bayern Munich បានធ្វើការហ្វឹកហាត់នៅថ្ងៃចន្ទម្សិលមិញនេះមុនជួបគ្នារាត្រីថ្ងៃអង្គារនេះក្របខណ្ឌ UEFA Champions League ដែលក្រុមទាំងពីរស្ថិតក្នុងពូល E ជាមួយគ្នា។

Bayern Munich មានស្ថិតិអស្ចារ្យពេលជួប Barcelona ពោលគឺចុងក្រោយបំផុត Bayern Munich បានយកឈ្នះ Barcelona សរុបទាំងពីរជើង ៨-២ នៅវគ្គ ៨ក្រុមចុងក្រោយរដូវកាល ២០២០ ជាឆ្នាំដែល Bayern Munich លើកពាននៅពេលនោះ។ តែក្រុមទាំងពីរមិនដែលជួបគ្នានៅក្នុងពូលឡើយនៅក្របខណ្ឌអឺរ៉ុបនេះគិតតាំងពីរដូវកាល ១៩៩៨-៩៩ ដែលនៅពេលនោះក៏ Bayern Munich យកឈ្នះទាំងពីរជើងដែរគឺ ១-០ និង ២-១។ ជួរប្រយុទ្ធរបស់ Barcelona ហាក់ដូចជាធ្លាក់ចុះបើគិតពីការចាកចេញរបស់ Lionel Messi និង Antoine Griezmann ខណៈ Sergio Aguero, Ousmane Dembele និង Ansu Fati នៅតែមានរបួសនៅឡើយមានន័យថា ក្រុមដែលកំពុងមានវិបត្តិហិរញ្ញវត្ថុមួយនេះរំពឹងលើខ្សែប្រយុទ្ធហូឡង់ Memphis Depay និង Luuk de Jong ស្របពេលដែលខ្សែប្រយុទ្ធដាណឺម៉ាក Martin Braithwaite ក៏មានរបួសដែរ។

ងាកមក Bayern Munich ពួកគេកំពុងមានជំនឿចិត្តក្រោយទើបយកឈ្នះ RB Leipzig ក្រៅដី ៤-១ នៅក្របខណ្ឌ Bundesliga អាល្លឺម៉ង់។ កីឡាករអាល្លឺម៉ង់ Serge Gnabry ដែលត្រូវបានផ្លាស់ចេញនៅការប្រកួតកាលពីថ្ងៃសៅរ៍នោះ រំពឹងថានឹងអាចចូលលេងការប្រកួតរាត្រីនេះបាន។ ក្រៅពីនោះ Bayern Munich មិនមានបញ្ហាកីឡាកររបួសឡើយ៕
អត្ថបទ៖នាង សុភាវុធ