ប្រទេសនេប៉ាល់ បានលុបចោលបម្រាមលើកម្មវិធីវីដេអូកម្សាន្តខ្លី ទីកតុក (TikTok) ដែលជាកម្មសិទ្ធិរបស់ចិន កាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) ច្រើនជាងប្រាំបួនខែបន្ទាប់ពីការហាមឃាត់លើអេប (App) ដ៏ពេញនិយមមួយនេះដោយសារការរំខានដល់ «សុខដុមនីយកម្មក្នុងសង្គម និងសុច្ឆន្ទៈ»។

ប្រភពរដ្ឋាភិបាលមួយបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមសហការជាមួយក្រុមអនុវត្តច្បាប់របស់នេប៉ាល់ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មដែលទាក់ទងនឹង TikTok និងគ្រប់គ្រងមាតិការបស់អេប។

បៃឌែនស៍ (ByteDance) ដែលជាក្រុមហ៊ុនមេរបស់ TikTok មានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ខ្លួនពេញចិត្តនឹងការសម្រេចចិត្តនេះ។ រដ្ឋាភិបាលមុនរបស់នេប៉ាល់ បានហាមឃាត់កម្មវិធីនេះកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយលើកឡើងពីការព្រួយបារម្ភជុំវិញការប្រើប្រាស់ក្នុងផ្លូវខុស។ ករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលទាក់ទងនឹង TikTok មានច្រើនជាង ១.៦០០ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ៤ឆ្នាំនៅក្នុងប្រទេសតំបន់ភ្នំហិម៉ាឡៃមួយនេះ មុនពេលមានបម្រាម។
ការតវ៉ាតាមដងផ្លូវជាច្រើនបានផ្ទុះឡើង ដោយអ្នកប្រើប្រាស់និយាយថា បម្រាមបានកាត់ផ្តាច់ប្រភពចំណូល និងបិទវេទិកាសម្រាប់ការនិយាយដោយសេរី។ យោងតាមសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់នេប៉ាល់បានឱ្យដឹងថា TikTok មានអ្នកប្រើប្រាស់ ២,២លាននាក់នៅក្នុងប្រទេសនេប៉ាល់នៅពេលនោះ៕