តុលាការនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី២៣ ខែសីហា) នេះ បានកាត់ទោសបុរស ៥នាក់ឲ្យជាប់ពន្ធនាគារជាង ៦ឆ្នាំ ក្នុងម្នាក់ៗ ជាការផ្តន្ទាទោសដំបូងដែលទាក់ទងនឹងការតវ៉ាប្រឆាំងអ៊ីស្រាអែលដ៏ធំ កាលពីខែតុលា នៅអាកាសយានដ្ឋាន ក្នុងតំបន់ Dagestan ដែលភាគច្រើនមានប្រជាជនម៉ូស្លីមរស់នៅ។
តុលាការ ក្នុងតំបន់ Krasnodar បានប្រាប់ឲ្យដឹងថា បុរសដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ចាប់ពី ៦ឆ្នាំទៅ ៩ឆ្នាំ ជុំវិញការមានចំណែកចូលរួមក្នុងកុបកម្ម មិនបានផ្ដល់ចម្លើយពីភាពមានទោសនោះទេ។ ជាមួយគ្នានេះ អ្នកតវ៉ាម្នាក់ក៏ត្រូវបានរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើហិង្សាលើមន្ត្រីរដ្ឋាភិបាលម្នាក់ផងដែរ។ ការកាត់ក្តីត្រូវបានផ្លាស់ពីតំបន់ Dagestan ទៅតំបន់ Krasnodar ដោយសារតែភាពរសើបនៃសំណុំរឿងនេះ។
គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំមុន ក្រុមបាតុករប្រឆាំងអ៊ីស្រាអែលរាប់រយនាក់ បានសម្រុកចូលអាកាសយានដ្ឋាន ក្នុងទីក្រុង Makhachkala ជាកន្លែងដែលយន្តហោះ ១គ្រឿង ដែលហោះហើរពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល ទើបតែបានទៅដល់ ដោយភាពចលាចលនៅតំបន់ Caucasus ខាងជើងនោះ កើតឡើងដោយសារសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា៕