ពេលជួបជុំគ្នានៅក្រៅភោជនីយដ្ឋាន ស្ថិតក្នុងទីក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន ក្រុមចែកចាយទំនិញនាំគ្នាសំឡឹងមើលទូរស័ព្ទរបស់ពួកគេដែលអ៊ីនធឺណិតរអាក់រអួល ហើយពួកគេមានការព្រួយបារម្ភថា វានឹងធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ ។
លោក Mohammad Tariq គឺជាអ្នកចែកចាយទំនិញម្នាក់ និយាយថា គាត់ និងសហការីរបស់គាត់ពីបាកប្តូរវេនគ្នាខ្លាំងណាស់ ដោយសារតែគ្មានអ៊ីនធឺណិត ហើយវាបណ្តាលពួកគេបាត់បង់ប្រាក់ចំណូលរហូតដល់ទៅ ៧០ភាគរយ ។
អ៊ីនធឺណិតរអាក់រអួលនៅក្នុងប្រទេសប៉ាគីស្ថាន បានបង្អាក់សេវាកម្មជាច្រើន និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់កម្មករជាច្រើនដែលពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត ។
សារព័ត៌មានក្នុងស្រុក បានដាក់ការស្តីបន្ទោសអ៊ីនធឺណិតរអាក់រអួលនេះ ទៅលើការអនុវត្តប្រព័ន្ធការពារជាតិដោយរដ្ឋាភិបាល ដើម្បីតាមដាន និងគ្របគ្រងមាតិកា និងបណ្តាញព័ត៌មានសង្គម ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង Islamabad បានច្រានចោលការប្រើប្រាស់ប្រព័ន្ធការពារជាតិ តែផ្ទុយទៅវិញពួកគេ បានដាក់ការស្តីបន្ទោសការរអាក់រអួលនេះទៅលើកំហុសបណ្តាញខ្សែកាបក្រោមបាតសមុទ្រ ។
លោក Akhlaq Ahmed គឺជាប្រធានក្រុមហ៊ុនផ្តល់សេវាទិន្នន័យ និងអ៊ីនធឺណិត Connect Communications បានបន្ទោសកង្វះខាតទំនាក់ទំនងរបស់រដ្ឋាភិបាលលើបញ្ហាមួយនេះ ហើយអតិថិជនរបស់លោក មានការព្រួយបារម្ភយ៉ាងខ្លាងចំពោះការតភ្ជាប់អ៊ីនធឺណេតរបស់ពួកគេ ៕