លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានជំរុញឱ្យប្រធានាធិបតី លោក Volodymyr Zelenskyy អង្គុយចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយបានស្នើឱ្យដើរតួជាមិត្តដើម្បីជួយនាំមកនូវសន្តិភាព ខណៈមេដឹកនាំទាំងពីរបានជួបគ្នាក្នុងទីក្រុងគីវពេលមានសង្គ្រាម។
ដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន ធ្វើឡើងនៅដំណាក់កាលប្រែប្រួលនៃសង្រ្គាមដែលបានចាប់ផ្តើមដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយទីក្រុងមូស្គូទទួលបានជ័យជម្នះយឺតនៅភាគខាងកើតអ៊ុយក្រែន ខណៈទីក្រុង Kyiv រុលការវាយលុកឆ្លងកាត់ព្រំដែន។
លោក Modi ដែលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូកាលពីខែមុនត្រូវបានរិះគន់ដោយទីក្រុងគីវ បាននិយាយថា លោកបានមកប្រទេសអ៊ុយក្រែនជាមួយនឹងសារសន្តិភាព និងអំពាវនាវឱ្យមានកិច្ចសន្ទនារវាងរុស្ស៊ី និងអ៊ុយក្រែន នៅឱកាសដំបូងបំផុត។ លោក Modi និយាយថា «ផ្លូវចូលទៅកាន់ដំណោះស្រាយអាចត្រូវបានរកឃើញតាមរយៈកិច្ចសន្ទនា និងផ្នែកការទូតតែប៉ុណ្ណោះ។ យើងគួរតែឆ្ពោះទៅរកទិសដៅនោះដោយមិនខ្ជះខ្ជាយពេលវេលាណាមួយឡើយ។ ភាគីទាំងពីរគួរតែអង្គុយជាមួយគ្នាដើម្បីស្វែងរកច្រកចេញពីវិបត្តិនេះ» ។
លោក Modi និយាយថា លោកចង់ធានាថា ឥណ្ឌាបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងណាមួយឆ្ពោះទៅរកសន្តិភាព។
មេដឹកនាំអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា «បញ្ហានៃការបញ្ចប់សង្រ្គាមនិងសន្តិភាព គឺជាអាទិភាពសម្រាប់អ៊ុយក្រែន»។
អ៊ុយក្រែន បាននិយាយដដែលៗថា ខ្លួនចង់ឲ្យសង្រ្គាមបញ្ចប់ ប៉ុន្តែតាមលក្ខខណ្ឌរបស់ទីក្រុងគីវ មិនមែនរុស្ស៊ីនោះទេ។ អ៊ុយក្រែន បាននឹងកំពុងជំរុញឱ្យរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទីពីរនៅចុងឆ្នាំនេះ ដើម្បីជំរុញចក្ខុវិស័យសន្តិភាពរបស់ខ្លួន និងមានការចូលរួមពីតំណាងមកពីប្រទេសរុស្ស៊ី។