សមាជិកតុលាការប្រទេសម៉ិកស៊ិក និងសង្គមស៊ីវិល បានចេញធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសដែលបានស្នើឡើង ដោយប្រធានាធិបតី ជិតផុតអាណត្តិ លោក Andres Manuel Lopez Obrador ។

ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅទីក្រុង Mexico City ដោយមានទង់ជាតិ ស្លាកសញ្ញា និងបានស្រែកចោទប្រកាន់លោកប្រធានាធិបតីថា មានចេតនាលុបបំបាត់ឯករាជ្យភាព ពីប្រព័ន្ធយុត្តិធម៌។
កំណែទម្រង់ដ៏ចម្រូងចម្រាស ដែលចៅក្រម រួមទាំងចៅក្រមតុលាការកំពូល នឹងត្រូវបានជ្រើសរើសក្នុងការបោះឆ្នោត គឺជាអាទិភាពកំពូលសម្រាប់លោក Lopez Obrador ដែលអះអាងថា វានឹងជួយប្រយុទ្ធប្រឆាំងនិទណ្ឌភាព និងអំពើពុករលួយ។

អ្នកប្រឆាំងចំពោះកំណែទម្រង់នេះ និយាយថា ការបោះឆ្នោតជ្រើសរើសចៅក្រម នឹងបញ្ចប់ផ្លូវអាជីពដោយផ្អែកលើគុណសម្បត្តិ និងធ្វើឱ្យប្រព័ន្ធតុលាការកាន់តែងាយរងឥទ្ធិពលពីខាងក្រៅ ដូចជាមកពីគណបក្សនយោបាយ ឬសូម្បីតែក្រុមឧក្រិដ្ឋកម្មរៀបចំទុក ក៏ដោយ។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ទី២៣ ខែសីហា បានបញ្ជាក់ថា គណបក្សកាន់អំណាច Morena និងសម្ព័ន្ធមិត្តរបស់គណបក្សនេះ នឹងមានសំឡេងភាគច្រើនពីរភាគបី នៅក្នុងសភាជាន់ទាប ប៉ុន្តែខ្វះសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា នៅពេលដែលអាណត្តិនីតិបញ្ញត្តិថ្មី ចាប់ផ្តើមនៅក្នុងខែកញ្ញា។