ភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស នៅតាមសង្កាត់ទាំង ១០៥ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានឈានដល់ការបិទបញ្ចប់ហើយ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤នេះ។
លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា យុទ្ធនាការបាញ់មូស ដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច ង៧០ ចុះបាញ់ថ្នាំមូសនៅតាមភូមិ សង្កាត់ និងតាមសហគមន៍ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា បានបញ្ចប់រួចរាល់ទាំងស្រុងហើយត្រឹមយប់ថ្ងៃទី២៥ ខែសីហានេះ។ ដែលកិច្ចការនេះមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយ ក្រុមការងារកងពលតូច ង៧០ ចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់សត្វមូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ក្នុងខណ្ឌទាំង១៤ និងតាមសហគមន៍នានា ហើយដោយមានការចូលរួមបង្ករលក្ខណៈងាយស្រួលពីអាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ធ្វើឱ្យដំណើរបាញ់ថ្នាំមូសទទួលបានលទ្ធផលល្អរួចមុនផែនការ។
សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃ២៣ ខែសីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រើប្រាស់រថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គិសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូរវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៊ីលីដា តំបន់រថយន្តពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូរអាកុជ នៅខណ្ឌសែនសុខជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា







