លោក Sayyed Hassan Nasrallah អគ្គលេខាធិការក្រុមហេសបូឡា បាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុមរបស់លោក នឹងបន្តគាំទ្រតំបន់ហ្កាហ្សា ពីប្រទេសលីបង់។ លោក Nasrallah បាននិយាយនៅក្នុងសន្ទរកថាតាមទូរទស្សន៍ដែលនិយាយអំពីការវិវឌ្ឍន៍ចុងក្រោយនៅព្រំដែនលីបង់ជាមួយអ៊ីស្រាអែល ថា «ក្តីសង្ឃឹមណាមួយក្នុងការធ្វើឲ្យស្ងប់ស្ងាត់ការគាំទ្រ ជាពិសេសការគាំទ្ររបស់លីបង់ នឹងបរាជ័យ។ យើងនឹងនៅតែបន្តគាំទ្រតំបន់ហ្កាហ្សា ដោយមិនគិតពីការលះបង់ដែលពាក់ព័ន្ធ។

ក្រុមហេសបូឡា បានប្រកាសថា ខ្លួនបានបាញ់រ៉ូកែតរាប់រយគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការរបស់ខ្លួន គឺលោក Fouad Shokor នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Dahieh នៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុង Beirut កាលពីខែមុន។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាមុន ដាក់គោលដៅលើជើងទម្របាញ់រ៉ូកែតរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។

លោក Nasrallah បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមហេសបូឡា ប្តេជ្ញានិងកំណត់ការឆ្លើយតបចំពោះ «ការឈ្លានពានដ៏ឃោឃៅ» លើទីក្រុង Dahieh ប៉ុន្តែបានពន្យារពេលការឆ្លើយតប ដោយសារតែផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
លោកបាននិយាយថា យើងបានបង្កើតគោលការណ៍ណែនាំសម្រាប់ការឆ្លើយតបរបស់យើង ដោយធានាថាគោលដៅនឹងពុំមែនជាជនស៊ីវិល ប៉ុន្តែជាទីតាំងយោធាដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងប្រតិបត្តិការធ្វើឃាត។