គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅកម្ពុជារយៈពេលវែង និងខ្លះដើរកម្សាន្តរយៈពេលខ្លី ភាគច្រើនគឺបានទៅទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ នៅខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ខណៈនៅតំបន់នោះមានអភិវឌ្ឍន៍ ប្រព័ន្ធផ្លូវស្រួលធ្វើដំណើរ និងមានទីកន្លែងដើរកម្សាន្តច្រើន។
បើតាមភ្ញៀទេសចរអន្តរជាតិ មកពីប្រទេសស្រីលង្កា និងអង់គ្លេសជាដើម បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ ខែសីហានេះថា ជាក់ស្តែងប្រទេសកម្ពុជា ក្រៅពីទស្សនាខេត្តសៀមរាបអង្គរ គឺគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត ទេសចរណ៍ធម្មជាតិ ច្រើនកន្លែងរាប់មិនអស់ ក្នុងនោះសម្រាប់គោលដៅទេសចរណ៍នៅភូមិភាគឦសាន្តកម្ពុជាវិញ គឺគោលដៅមានតំបន់ទេសភាពព្រៃឈើធំធេង កន្លែងដើរកម្សាន្តច្រើន មានភាពទាក់ទាញ ពោលគឺទៅទស្សនាម្តងហើយចង់ទៅទស្សនាម្តងទៀត។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ជារួមគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តទាំងបួន រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង នៅភូមិភាគឦសាន្តកម្ពុជានេះ បច្ចុប្បន្នបាននិងកំពុងទទួលបានគុណតម្លៃ និងអត្ថប្រយោជន៍ជាច្រើនពីការខំប្រឹងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការអភិវឌ្ឍក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ក៏បានជួយផ្តល់សម្របសម្រួលគ្នាទៅវិញទៅមក លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ សម្រួលការឆ្លងដែនល្អជូនឲ្យទេសចរអន្តរជាតិ ការជំរុញការវិនិយោគ ការបង្កើតឱកាសការងារ ពិសេសគឺការអភិវឌ្ឍតំបន់ទេសចរណ៍ គុណភាពទេសចរណ៍ អភិរក្សធនធានធម្មជាតិ និងការបង្ការហានិភ័យលើគ្រោះមហន្តរាយណ៍ជាដើម ហើយរាល់សកម្មភាពនេះគឺធ្វើដើម្បីជំរុញកម្រិតជីវភាពពលរដ្ឋល្អប្រសើរឡើង៕ អត្ថបទ ស៊ុម សុខជា
