សមាគមប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសិទ្ធិមនុស្សប្រហែល ៦០ស្ថាប័ន នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) បានជំរុញឲ្យសហភាពអឺរ៉ុប (EU) ផ្អាកកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើប្រទេសនេះ ដោយចោទប្រកាន់ថា បាន «សម្លាប់អ្នកសារព័ត៌មាន» នៅតំបន់ហ្កាហ្សា។
ស្ថាប័នទាំងនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «ដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក ត្រូវបានសម្លាប់ និងការរំលោភលើសេរីភាពសារព័ត៌មានដដែលៗផ្សេងទៀត ដោយអាជ្ញាធរអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនូវសង្រ្គាមជាមួយក្រុមហាម៉ាស អ្នកសារព័ត៌មានគ្មានព្រំដែន (RSF) និងអង្គការចំនួន ៥៩ផ្សេងទៀត កំពុងអំពាវនាវឲ្យសហភាពអឺរ៉ុបផ្អាកកិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មចំពោះអ្នកត្រូវទទួលខុសត្រូវ»។
ការអំពាវនាវនេះបានធ្វើឡើងនៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៩ ខែសីហា។ លិខិតនោះបានលើកឡើងថា រយៈពេលបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងការវាយប្រហារសងសឹកដ៏សាហាវរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប «បានធ្វើឲ្យអ្នកសារព័ត៌មានស្លាប់ច្រើនបំផុតលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ»។
លិខិតនោះបន្ថែមថា៖ «អ្នកសារព័តមានប៉ាឡេស្ទីនជាង ១៣០នាក់ និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ ហើយយ៉ាងហោចណាស់ ៣០នាក់ ត្រូវបានសម្លាប់ ក្នុងពេលដំណើរការការងាររបស់ពួកគេ។ អ្នកសារព័ត៌មានលីបង់ ៣នាក់ និងអ៊ីស្រាអែលម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងអំឡុងពេលដូចគ្នា»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសមាគមរបស់ EU ជាមួយប្រទេសមិនមែនសមាជិក គឺជាសន្ធិសញ្ញាដែលគ្រប់គ្រងទំនាក់ទំនងទ្វេភាគី ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ៕