ក្រោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តឥតគិតកម្រៃ នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ នៅពេលនេះមានបណ្តាសិស្សនិស្សិតកំពុងជំនាញទេសចរណ៍ បានបង្ហាញការចាប់អារម្មណ៍ចង់ទៅទស្សនាកម្សាន្ត និងសិក្សាស្វែងយល់អំពីការអភិវឌ្ឍគោលដៅទេសចរណ៍តាមបណ្តាខេត្តនៅភូមិភាគឦសាន្តកម្ពុជា។
ក្រុមនិស្សិតកំពុងសិក្សាជំនាញទេសចរណ៍ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែសីហានេះថា នៅពេលនេះក្រុមនិស្សិតបានត្រៀមខ្លួន និងកំពុងរកពេលវេលាសមស្របទៅចុះឈ្មោះនៅក្រសួងព័ត៌មាន ចូលរួមធ្វើដំណើរកម្សាន្តជាមួយមហាជូនទូទៅ ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធខេត្តតាមតំបន់ព្រំដែន និងធ្វើការសិក្សាស្វែងរកយល់បន្ថែមអំពីសក្តានុពលទេសចរណ៍ ការអភិវឌ្ឍអេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ នៅតាមបណ្តាខេត្តតាមព្រំដែនភូមិភាគឦសានប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់គ្នានាអញ្ជើញទៅទស្សនាបណ្តាខេត្តទាំងបួននៅភូមិភាគឦសានកម្ពុជា។ ថ្មីៗនេះសម្តេចធិបតី បានសម្រេចបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តនៅតាមបណ្ដោយព្រំដែនដោយឥតគិតកម្រៃសេវា នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជំរុញឲ្យពលរដ្ឋទាំងអស់គ្នា បានទៅមើលពីទិដ្ឋភាពការអភិវឌ្ឍន៍ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ និងរបៀបការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដែលស្ថិតដំណើរការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍបំពេញបន្ថែមក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ។
បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមកដល់បច្ចុប្បន្ន បានសាងសង់ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម លើចម្ងាយផ្លូវសរុប ៥០៩ គ.ម សាងសង់ផ្លូវព្រំដែនកម្ពុជា ឡាវ បានប្រវែងជាង ១៧៩គ.ម លើចម្ងាយផ្លូវសរុប ៣៧៧ គ.ម និងផ្លូវតាមព្រំដែនកម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម លើចម្ងាយផ្លូវសរុបផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា