ចៅហ្វាយស្រុក Pak Chong លោក Kanatchon Sricharoen កាលពីថ្ងៃចន្ទ (ទី២៦ ខែសីហា) បានប្រាប់ឲ្យដឹងថា កម្មករ ៣នាក់ មានជីវិតនៅឡើយទេ ក្រោយជាប់ក្នុងផ្លូវរូងក្រោមដីដែលកំពុងសាងសង់នៅភាគឦសានប្រទេសថៃ ដោយលោកបានបន្ថែមថា ការស្កេនតាមរ៉ាដារបស់អាជ្ញាធរ បានចាប់បាននូវការផ្ដល់សញ្ញាដ៏សំខាន់ពីកម្មករទាំងនោះ។
មេការជនជាតិចិន ប្រតិបត្តិករអេស្កាវ៉ាទ័រជនជាតិចិន និងអ្នកបើកបររថយន្តចាក់ដីជនជាតិមីយ៉ាន់ម៉ាម្នាក់ បានជាប់នៅក្នុងរូងក្រោមដី បន្ទាប់ពីមានបំណាក់ដី កាលពីថ្ងៃទី២៤ ខែសីហា។ ផ្លូវរូងក្រោមដីដែលកំពុងសាងសង់ នៅតំបន់ Tambon Chan Thuek ក្នុងស្រុក Pak Chong គឺជាផ្នែកមួយនៃផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ក្នុងខេត្ត Nakhon Ratchasima។
ក្រុមអ្នកជួយសង្គ្រោះមកពីស្ថាប័នរដ្ឋ និងឯកជន បាន និងកំពុងបាញ់បញ្ចូលអុកស៊ីសែនចូលទៅក្នុងផ្លូវរូងក្រោមដីនោះ ដើម្បីរក្សាជីវិតកម្មករ ហើយកំពុងឈូសឆាយដីដែលរអិលបាក់ធ្លាក់ចុះពីលើភ្នំ និងបិទផ្លូវនាំឲ្យអ្នកទាំង៣ ជាប់នៅក្នុងនោះ។
លោក Kanatchon បាននិយាយថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានទៅដល់កន្លែងកើតហេតុប្រហែលពាក់កណ្តាលអធ្រាត្រ ដើម្បីជួយដល់ការជួយសង្គ្រោះ៕