ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) នេះ បានថ្កោលទោសទង្វើរបស់អ៊ុយក្រែន ក្នុងការហាមឃាត់លើអង្គភាពនៃវិហារគ្រិស្តនិកាយអូស្សូដក់ដែលភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយពណ៌នាថា នេះគឺជាការរំលោភបំពានលើគ្រិស្តសាសនា និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពខាងជំនឿសាសនា។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សមាជិកសភាអ៊ុយក្រែន បានបោះឆ្នោតហាមប្រាមវិហារកាតូលិកនិកាយអូស្សូដក់អ៊ុយក្រែន (UOC) ដែលមានភ្ជាប់ទំនាក់ទំនងជាមួយរុស្ស៊ី ដោយទីក្រុងគីវចោទប្រកាន់ថា បានជួយគាំទ្រដល់សង្គ្រាមរយៈពេល ៣០ខែរបស់ទីក្រុងមូស្គូ តាមរយៈការផ្សព្វផ្សាយនូវការឃោសនាគាំទ្ររុស្ស៊ី និងបានលាក់បាំងចារកម្ម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ជារឿងគួរឲ្យសោកស្ដាយ របបទីក្រុង នៅតែបន្តបង្ហាញពីលក្ខណៈធម្មជាតិពិតរបស់ខ្លួន។ នេះគឺជាការរំលោភបំពានយ៉ាងបើកចំហលើសេរីភាពខាងជំនឿសាសនា ការបំពានលើវិហារគ្រិស្តនិកាយអូស្សូដក់ទាំងមូល និងការរំលោភបំពានលើគ្រិស្តសាសនា»។
ភាគច្រើននៃជនជាតិអ៊ុយក្រែន គឺជាអ្នកកាន់គ្រិស្តសាសនានិកាយអូស្សូដក់ ប៉ុន្តែជំនឿត្រូវបានបែកបាក់ រវាង UOC និងវិហារគ្រិស្តនិកាយអូស្សូដក់ឯករាជ្យរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ដោយឋានានុក្រមគ្រិស្តសាសនានិកាយអូស្សូដក់ពិភពលោក ចាប់តាំងពីឆ្នាំ២០១៩ មក។
UOC បានចាប់ផ្តើមផ្ដាច់ខ្លួនពីប្រទេសរុស្ស៊ី បន្ទាប់ពីមានការលុកលុយរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទៅលើអ៊ុយក្រែន ដែលទីក្រុងមូស្គូឲ្យឈ្មោះថា ជាប្រតិបត្តិការយោធាពិសេស ហើយបដិសេធថា ខ្លួនមិនមានទំនាក់ទំនងជាមួយ «ស្ថាប័នបរទេស» ទេ៕