កងកម្លាំងសន្តិសុខក្នុងទីក្រុង Kolkata របស់ប្រទេសឥណ្ឌា បានឃុំខ្លួនក្រុមបាតុករកាលពីថ្ងៃអង្គារ ២៧ សីហា ខណៈហ្វូងមនុស្សបានប៉ះទង្គិចជាមួយកងកម្លាំងនគរបាលក្នុងការតវ៉ាជុំវិញការរំលោភនិងស្លាប់លើវេជ្ជបណ្ឌិតហាត់ការម្នាក់នៅក្នុងរដ្ឋមួយនេះ។

កងកម្លាំងនគរបាល បានប្រើការណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក លើក្រុមបាតុករ ដើម្បីរារាំងក្រុមបាតុករដែលកំពុងដើរក្បួនតវ៉ាឆ្ពោះទៅកាន់ការិយាល័យរដ្ឋបាលខេត្ត ដោយមានបដា និងទង់ជាតិឥណ្ឌា ពាក្យស្លោក និងការឡើងលើរនាំងនគរបាល ខណៈដែលកងកម្លាំងប្រដាប់ដោយ ឧបករណ៍ប្រឆាំងកុបកម្មបានប្រើដំបងដើម្បីបំបែកពួកគេ។

ឧបទ្ទវហេតុកាលពីថ្ងៃទី ៩ ខែសីហានៅទីក្រុង Kolkata បានបង្កឱ្យមានការចេញតវ៉ាទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះ និងសុវត្ថិភាពកាន់តែច្រើន សម្រាប់ស្ត្រីនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យនៅកន្លែងជាច្រើន បដិសេធមិនទទួលព្យាបាលអ្នកជំងឺស្រាល។
នគរបាលស្ម័គ្រចិត្តម្នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋ ហើយនគរបាលសហព័ន្ធបានទទួលយកការស៊ើបអង្កេត។ ការខឹងសម្បារបានផ្ទុះឡើងទូទាំងប្រទេស ហើយការតវ៉ាជុំវិញអំពើហិង្សាលើស្ត្រីនៅពេលនេះ បានធ្វើឲ្យគេនឹងឃើញដល់អ្វីដែលបានកើតឡើងបន្ទាប់ពីការរំលោភ សម្លាប់ លើនិស្សិត វ័យ២៣ ឆ្នាំនៅលើរថយន្តក្រុង ក្នុងរដ្ឋធានី New Delhi កាលពីឆ្នាំ ២០១២៕