យោងតាមគេហទំព័រតាមដានការដាច់បណ្ដាញ ដោនឌីថេកធឺ (Downdetector.com) បានឱ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់កាលពីមុនថា ធ្វីតធឺ (Twitter) បានជួបប្រទះការដាច់បណ្ដាញរយៈពេលខ្លីកាលពីយប់ថ្ងៃអង្គារ (២៧ សីហា) ជាមួយនឹងរបាយការណ៍ប៉ះពាល់ជាង ៣៦.៥០០ករណីនៅសហរដ្ឋអាមេរិក។

Downdetector ដែលតាមដានការដាច់បណ្ដាញដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពជាច្រើនរួមទាំងអ្នកប្រើប្រាស់ផងដែរ បានបង្ហាញរបាយការណ៍ជាង ៣.៣០០ករណីនៅក្នុងប្រទេសកាណាដា និងរបាយការណ៍ ១.៦០០នៅចក្រភពអង់គ្លេស គិតត្រឹមម៉ោង ១១:២០យប់ (ម៉ោងសកល)។

អ្នកប្រើប្រាស់ជាច្រើនដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ក៏មិនអាចបង្ហោះ ឬមើលឃើញព័ត៌មានថ្មីលើគណនីរបស់ពួកគេបានទេ ដែលបញ្ហាភាគច្រើនហាក់ដូចជាកើតចេញពីអេប (App) កម្មវិធីផ្ទាល់។ ការដាច់បណ្ដាញនេះមានរយៈពេលខ្លីប៉ុណ្ណោះដោយមិនដល់មួយម៉ោងទេ ហើយមូលហេតុនៃភាពរអាក់រអួលនេះនៅមិនទាន់ដឹងនៅឡើយ។
បណ្ដាញសង្គម X ងាយរងគ្រោះនឹងការដាច់បណ្ដាញបច្ចេកវិទ្យា និងភាពមិនប្រក្រតីណាស់ ចាប់តាំងពីក្រុមហ៊ុន Twitter ត្រូវបានទិញដោយមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ក្នុងកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារ ដែលនៅពេលនោះលោកចង់លុបចោល។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានរិះគន់ប្រព័ន្ធកូដរបស់ Twitter កាលពីមុន ហើយបានហៅវាថា «មានភាពផុយស្រួយ»៕