នៅថ្ងៃពុធនេះ វិមានក្រឹមឡាំង បានច្រានចោលកិច្ចពិភាក្សារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ពីផែនការដែលលោកចង់បញ្ចប់សង្រ្គាម ហើយពួកគេនិយាយថា រុស្ស៊ីនឹងបន្តប្រតិបត្តិការសឹកពិសេសរបស់ខ្លួននៅប្រទេសអ៊ុយក្រែន ។
គួរឲ្យដឹងថា លោក Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងត្រូវបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងគីវ ត្រូវតែស្ថិតក្នុងជំហររឹងមាំក្នុងការចរចានោះ ហើយថាលោកនឹងបង្ហាញផែនកាបញ្ចប់សង្រ្គាមនេះដល់ប្រធានាធិបតីអាមេរិក លោក Joe Biden និងបេក្ខភាពប្រធានាធិបតីបន្ទាប់ដ៏មានសក្តានុពលទាំងពីរនាក់របស់សហរដ្ឋអាមេរិក ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា ការវាយលុករយៈពេល ៣សប្តាហ៍របស់ទីក្រុងគីវ ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺជាផ្នែកមួយនៃផែនការបញ្ចប់សង្រ្គាមនោះ ប៉ុន្តែវាក៏រួមបញ្ចូលនូវជំហានផ្សេងទៀតលើផ្នែកសេដ្ឋកិច្ច និងការទូតផងដែរ ។
ការធ្វើសេចក្តីអត្ថាធិប្បាយលើការលើកឡើងរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ថាគាត់នឹងជួយដោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន លោក Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ភាគីឥណ្ឌាគាំទ្រឥតឈប់ឈរឲ្យមានដំណោះស្រាយតាមមធ្យោបាយនយោបាយ និងការទូត ប៉ុន្តែនៅពេលឥឡូវនេះ គ្មានតម្រូវការជាមុនសម្រាប់ការចរចាបែបនេះឡើយ ៕

