ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា ជនខិលខូចដែលកាត់តក្លែងបន្លំ QR Code ក្នុងគោលដៅទុច្ចរិតបោកបញ្ឆោតប្រជាពលរដ្ឋដែលមានបំណងចង់បរិច្ចាគថវិកាដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានឃាត់ខ្លួនហើយ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ប្រភពព័ត៌មានឱ្យដឹងថា ជនល្មើសរូបនោះមានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។
ក្រោយឃាត់ខ្លួនជនល្មើសបានសារភាពថា រូបគេ និងបក្ខពួកពិតជាបានក្លែងបន្លំ QR Code ពិតប្រាកដមែន ដោយភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានផ្ញើចូលទៅ Group Telegram ឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលទៅគណនីរបស់ពួកគេ។
ជនល្មើសរូបនេះបានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូល Group Telegram ឆបោកប្រជាពលរដ្ឋ ដើម្បីឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន៕

