ក្រុមប្រឹក្សាជាតិសម្រាប់ការការពារជនស៊ីវិលស៊ូដង់និយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីគ្រោះទឹកជំនន់ក្នុងប្រទេសហែកហួរដោយសង្រ្គាមបានកើនឡើងដល់១៤៨នាក់ និង២៤៦នាក់រងរបួសនៅទូទាំងរដ្ឋចំនួន១១ខណៈភ្លៀងធ្លាក់ខ្លាំងបន្តវាយប្រហារប្រទេសនេះនិងការដឹកជញ្ជូនជំនួយត្រូវបានរាំងស្ទះ។ អ្នកនាំពាក្យខាងលើនិយាយថា ក្នុងចំណោមបណ្ដារដ្ឋរងគ្រោះធ្ងន់ធ្ងរជាងគេ រួមទាំងទន្លេនីលផងដែរ មានអ្នកស្លាប់ចំនួន៥៩នាក់ រដ្ឋភាគខាងជើង ៣១នាក់ និងរដ្ឋសមុទ្រក្រហម១៦នាក់ ។

ប្រជាជនស៊ូដង់ ដែលរស់នៅក្នុងទីក្រុង តូការ(Tokar) រងគ្រោះដោយទឹកជំនន់ នៃរដ្ឋសមុទ្រក្រហម បានភៀសខ្លួនដោយសល់របស់របរបន្តិចបន្តួច និងសត្វពាហនៈរបស់ពួកគេ។ខណៈមនុស្សមួយចំនួនបានព្យាយាមសម្រាកនៅក្រោមជំរំតង់បណ្តោះអាសន្ន រថយន្តដឹកទំនិញ និងគ្រឿងចក្រឈូសឆាយបានព្យាយាមចាក់បំពេញផ្លូវដែលមានល្បាប់ខ្សាច់ ដើម្បីសាងសង់ជាទីជម្រកសម្រាប់ក្រុមគ្រួសារដែលជាប់នៅក្នុងទីក្រុងមួយនេះ។
លោក អាម៉េដ ហាដាដាប (Ahmed Haddab) ពលរដ្ឋស៊ូដង់ ដែលបានភៀសខ្លួនពីទឹកជំនន់ក្នុងទីក្រុងតូការ ជាមួយម្តាយ មីងពីរនាក់ ប្រពន្ធ និងកូនបីនាក់ បាននិយាយថា ទឹកជំនន់បានហូរកួចនាំយកពោត និងម្សៅរបស់យើងទៅអស់ហើយ យើងនៅសល់តែពពែពីរក្បាល និងលាមួយប៉ុណ្ណោះ ។
មនុស្សប្រហែល ១១៨.០០០នាក់ ត្រូវបានភៀសខ្លួនទូទាំងប្រទេស និងជាង ៣០០.០០០នាក់ បានរងផលប៉ះពាល់នៅទូទាំងប្រទេស ដោយសារទឹកជំនន់បានបំផ្លាញផ្ទះសម្បែង និងអាចរីករាលដាលជំងឺរួមទាំងជំងឺអាសន្នរោគផងដែរ។
ទំនប់ទឹក ផ្លូវថ្នល់ និងស្ពានរបស់ប្រទេសស៊ូដង់ បានរងការខូចខាតរួចទៅហើយ មុនពេលសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធប៉ារ៉ារហ័ស ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣៕