ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ខាងមុខ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ លើកទី២នេះ បានធ្វើឡើងជាលក្ខណៈត្រីភាគី រួមមាន៖ ភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
នៅក្នុងបើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដូចរាល់ដងដែរ ការលើកឡើងក្នុងកិច្ចប្រជុំជាលក្ខណៈត្រីភាគី គឺភាគីនីមួយៗបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនផងដែរ។ ឯកឧត្តម បានបន្តថា ការជួបជុំជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ គឺមានសារៈសំខាន់ ដោយសារកិច្ចប្រជុំដំបូងជាលក្ខណៈត្រីភាគី គឺយើងគ្រាន់តែបានស្តាប់ បានដឹង បានឮ ហើយឃើញនូវអ្វីដែលជាបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យនីមួយៗ ប៉ុន្តែភាគីនីមួយៗត្រូវការពន្យល់ពីភាពផ្ទៃក្នុងរបស់ខ្លួនថែមទៀត ថាតើគួរប្រកាន់គោលជំហរយ៉ាងដូចម្តេច ហើយមានយុទ្ធសាស្រ្តយ៉ាងក្នុងការចរចារដូចម្តេច អញ្ចឹងហើយបានជាភាគីនីមួយៗមានភាពចាំបាច់នៅក្នុងការសម្របសម្រួលផ្ទៃក្នុង។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនាពេលបន្ទាប់ នឹងបន្តជួបប្រជុំផ្ទៃក្នុងរៀងៗខ្លួនដដែល នៅថ្ងៃទី៦ ខែកញ្ញាខាងមុខ។
ទាក់ទិនទៅនឹងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានសម្រេចយកតួលេខបឋមមួយ គឺចំនួន ១៤ដុល្លារ សម្រាប់បន្ថែមលើប្រាក់ឈ្នួលអប្បបរមាគោលបច្ចុប្បន្នចំនួន ២០៤ដុល្លារ ហើយនេះគ្រាន់តែជាតួលេខដែលត្រូវជជែកពិភាក្សាគ្នាប៉ុណ្ណោះ ដើម្បីត្រៀមបង្ហាញបន្តក្នុងកិច្ចប្រជុំជាមួយភាគីនិយោជក។
សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕





