ឧត្តរមានជ័យ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណ៤៣៩១ ហិកតា ចំនួន៤ឃុំគឺ ឃុំពង្រ ឃុំចុងកាល់ ឃុំជើងទៀន និងឃុំក្រសាំង ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ក្នុងដំណើរចុះពិនិត្យស្ថានភាពដំណាំស្រូវនាពេលនោះដែរ ឯកឧត្តម តូច ប៊ុនហួរ បានធ្វើការណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការតាមដានបន្តពីស្ថានដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិនបើមានអ្វីមួយប្រែប្រួលបន្តទៀតនោះ ត្រូវរាយការណ៍មកមន្រ្តីជំនាញកសិកម្មខេត្តឲ្យបានឆាប់រហ័ស ងាយស្រួលក្នុងការជួយអន្តរាគមន៍សង្រ្គោះដល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។
ឯកឧត្តម បន្តថា ដោយសារអាកាសធាតុមិនសូវអំណោយផលមានភ្លៀងធ្លាក់ពុំគ្រប់គ្រាន់នៅតាមតំបន់ខ្លះក្នុងខេត្តឧត្តរមានជ័យបណ្តាលឲ្យស្រូវរបស់ប្រជាពលរដ្ឋមួយភាគ ដែលនៅឆ្ងាយពីតំបន់ធារាសាស្រ្តមិនអាចផ្តល់ប្រភពទឹកទៅដល់មានការខូចខាត និងរងផលប៉ះពាល់ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់មកខ្លះវិញ អាចជួយសង្រ្គោះបានវិញប្រមាណ៥០ភារយផងដែរ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ស្រូវដែលរងផលប៉ះពាល់ក្នុងស្រុកចុងកាល់ សរុបប្រមាណ៤៣៩១ហិកតា ស្នើនឹង៩៤៨គ្រួសារ និងខូចខាតទាំងស្រុងចំនួន៧៧៨ហិកតាស្នើនឹង១៧៥គ្រួសារ បូមទឹកសង្រ្គោះបាន ១៣៣ហិកតា។ ក្រោយពីមានភ្លៀងធ្លាក់ខ្លះ នៅតាមតំបន់មួយចំនួននោះ ដំណាំស្រូវហាក់មានការលូតលាស់បានល្អប្រសើរឡើងវិញជាធម្មតាផងដែរ។ ក្នុងនោះមន្រ្តីយើងក៏បានធ្វើការសហការជាមន្រ្តីជំនាញក្រុមការងារធនធានទឹកធ្វើការបូមទឹកជួយអន្តរាគមន៍សង្រ្គោះស្រូវបានប្រមាណ៧០ភារយផងដែរ៕







