មន្ត្រីរដ្ឋាភិបាល បានប្រាប់ឲ្យដឹងថា ភ្លៀងមូសុងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ដ៏ធំ នៅក្នុងរដ្ឋ Gujarat (ហ្គូចារ៉ាត់) របស់ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ដោយអ្នកខ្លះស្លាប់ដោយសារលង់ទឹក និងខ្លះទៀតដោយសារដើមឈើរលំសង្កត់។
នាយកដ្ឋានអាកាសធាតុ បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) នេះ នៅក្នុងរដ្ឋឆ្នេរសមុទ្រភាគខាងលិច។ មនុស្សជាង ៣០.០០០នាក់ បានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈច្រាំងទន្លេបានបាក់។
កាលពីល្ងាចថ្ងៃពុធ (ទី២៩ ខែសីហា) រដ្ឋាភិបាលរបស់រដ្ឋហ្គូចារ៉ាត់ បានឲ្យដឹងថា មនុស្ស ១៣នាក់ បានស្លាប់ដោយសារលង់ទឹក ហើយអ្នកផ្សេងទៀតស្លាប់ដោយសារផ្ទះបាក់ ឬដើមឈើដួលរលំសង្កត់លើពួកគេ។ ចំណែកសារព័ត៌មាន Indian Express បានរាយការណ៍ថា មានអ្នកស្លាប់ ៣៥នាក់ នៅទូទាំងរដ្ឋនេះ។
ជាមួយគ្នានេះ សេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា មនុស្សប្រហែល ១.៨៥៦នាក់ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីគ្រោះមហន្តរាយ និងកងទ័ព ដែលត្រូវបានដាក់ពង្រាយ សម្រាប់ប្រតិបត្តិការសង្គ្រោះ។ សេចក្តីប្រកាសព័ត៌មាននោះបានបន្ថែមថា ទីក្រុង Vadodara គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ការតភ្ជាប់ចរន្តអគ្គិសនីបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយភូមិប្រមាណ ១.០០០ភូមិ បានដាច់ចរន្តអគ្គិសនី។
រូបភាព និងវីដេអូដែលចេញផ្សាយដោយមន្ត្រីគ្រោះមហន្តរាយ បានបង្ហាញឲ្យឃើញថា ពួកគេប្រើប្រាស់ទូកពោងសុវត្ថិភាព និងសំបកកង់ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់ដោយសារទឹកជំនន់ឡើងកាន់តែខ្លាំង៕