ជនអន្តោប្រវេសន៍យ៉ាងហោច ១២៤នាក់ ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃពុធ នៅជិតតំបន់ឆ្នេរប្រជុំកោះ Gran Canaria របស់ប្រទេសអេស្ប៉ាញ ។
ជនអន្តោប្រវេសន៍ទាំងអស់នេះ ត្រូវបានប្រទះឃើញដោយនាវា ENSCO DS-10 នៅលើទូកឈើ រួមមានទាំងទារក ៦នាក់ផងដែរ ។
ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានបញ្ជូនជនអន្តោប្រវេសន៍ទាំងនេះ ទៅលើទូកសង្រ្គោះ Concepcion Arenal ហើយនិងនាំពួកគេទៅកាន់កំពង់ផែ Arguineguin ស្ថិតក្នុងប្រជុំកោះ Gran Canaria ។
យោងតាមទិន្នន័យពីទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex បានឲ្យដឹងថា ផ្លូវអន្តោប្រវេសន៍ អាហ្វ្រិកខាងលិច ត្រូវបានមើលឃើញហក់ឡើងខ្ពស់ ១៥៤ភាគរយក្នុងឆ្នាំនេះ ក្នុងនោះមនុស្ស ២១.៦២០នាក់ បានឆ្លងកាត់ប្រជុំកោះ Canary អំឡុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំនេះ ។
គួររំឭកថា ទូកឈើដំបូងគេដឹកជនអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះ Canary បានធ្វើដំណើរមកដល់កាលពីរយៈពេល ៣០ឆ្នាំមុន នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៩៤ ដោយមានជនអន្តោប្រវេសន៍ ២នាក់នៅលើទូក ៕



