អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក ចាង យូសា (Zhang Youxia) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែបញ្ឈប់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយយោធាតៃវ៉ាន់ និងគោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ លោក ចាង បានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការឃុបឃិតផ្នែកយោធារបស់ខ្លួនជាមួយកោះតៃវ៉ាន់ បញ្ឈប់ការបំពាក់បំប៉នអាវុធ និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតទាក់ទងនឹងប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយក្រសួងការពារជាតិចិន។

លោក Zhang បានបន្ថែមថា បញ្ហាកោះតៃវ៉ាន់ ដែលត្រូវបានទីក្រុងប៉េកាំង មើលឃើញថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន គឺជា មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក និងជាបន្ទាត់ក្រហមលេខ១ ដែលមិនត្រូវឆ្លងកាត់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំងតែងតែព្យាយាមរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែបានព្រមានថា រឿងនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើមានការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីប្រទេសនេះ។
លោក ចាង បាននិយាយថា បេសកកម្ម និងកាតព្វកិច្ចរបស់កងទ័ពរំដោះប្រជាជនចិន គឺដើម្បីប្រឆាំងដាច់ខាតចំពោះពពួកអ្នកគាំទ្រនូវអ្វីដែលហៅថាឯករាជ្យភាពរបស់តៃវ៉ាន់ និងជំរុញការបង្រួបបង្រួមជាតិ។យើងមានកាតព្វកិច្ចទប់ទល់នឹងការបង្កហេតុដោយខ្វះការប្រុងប្រយ័ត្នរបស់កងកម្លាំងបំបែកខ្លួន៕