អ្នកវិភាគនយោបាយអាហ្វហ្គានីស្ថាន នៅរដ្ឋធានីកាប៊ុល បាននិយាយកាលពីថ្ងៃពុធ (២៨ សីហា) ថា អនុត្តរភាពរបស់សហរដ្ឋអាមេរិក ក្រោមលេសនៃសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ គឺជាដើមចមនៃអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។ គួររម្លឹកថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កងកម្លាំងតាលីបង់ បានចូល និងដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល ដោយជំរុញឱ្យមានការដកទ័ពអាមេរិក ជាជាបន្ទាន់ដែលឈរជើងនៅអាហ្វហ្គានីស្ថាន។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កណ្តាលចិន (CCTV) អ្នកវិភាគនយោបាយ លោក សាយ៉េដ ការីប៊ូឡា សាដាត (Sayed Qaribullah Sadat) បានរិះគន់សហរដ្ឋអាមេរិក ចំពោះសង្រ្គាមរយៈពេល ២០ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលលោកបាននិយាយថា បានធ្វើឱ្យជនស៊ីវិលរាប់មិនអស់ស្លាប់ ឬជម្លៀសខ្លួន និងបន្តបង្កការឈឺចាប់ដល់អ្នកស្រុក។
លោក Sayed បន្ថែមថា វត្តមានរបស់សហរដ្ឋអាមេរិករយៈពេលពីរទសវត្សរ៍ បានលាតត្រដាងការពិតនៅពីក្រោយវោហាសាស្ត្រសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលលោកបានពិពណ៌នាថាគ្រាន់តែជាឧបករណ៍សម្រាប់ជំរុញការគ្រប់គ្រងក្នុងតំបន់របស់ខ្លួនប៉ុណ្ណោះ។
លោកបានអះអាងថា គំរូនេះស្របនឹងសកម្មភាពអរិភាពរបស់អាមេរិកនៅកន្លែងផ្សេងទៀត រួមទាំងការចូលរួមយ៉ាងជ្រៅក្នុងជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រុមមន្ត្រីអាមេរិកជាច្រើនទាំងបច្ចុប្បន្ន និងអតីតបានបង្ហើបថា ចាប់តាំងពីមានជម្លោះហ្កាហ្សាមក រដ្ឋាភិបាលអាមេរិកបានអនុម័តជាសម្ងាត់នូវការលក់អាវុធជាង ១០០ដងដាច់ដោយឡែកពីគ្នាទៅឱ្យអ៊ីស្រាអែល ដែលជួយដុតបញ្ឆេះអំពើហិង្សាបន្ថែមទៀត៕