ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ឆ្នេរប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅតាមបណ្តោយសមុទ្រអារ៉ាប់ ដោយជន់លិចទីក្រុងជាច្រើននៅរដ្ឋ Gujarat ភាគលិចប្រទេសឥណ្ឌា បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះក្រុមអាជ្ញាធរ បានព្យាករណ៍ថា ព្យុះស៊ីក្លូននឹងអភិវឌ្ឍខ្លួននៅថ្ងៃសុក្រនេះ ។
ពលរដ្ឋត្រូវបានគេមើលឃើញដើរលុកទឹកត្រឹមចង្កេះកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលទឹកជំនន់បានជន់លិចរថយន្ត និងផ្លូវនៅក្នុងរដ្ឋ Gujarat ។
ប្រតិបត្តិការសង្រ្គោះ បានធ្វើឡើង ដើម្បីដឹកមនុស្សតាមទូកពោងទៅកាន់ទីជម្រក និងបានចែកជំនួយទឹកសុទ្ធ និងចំណីអាហារដល់អ្នកស្រុកដែលជាប់ខ្លួនក្នុងទឹកជំនន់ ។
ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ក្នុងសប្តាហ៍នេះ ក្នុងឧបទ្ទេវហេតុពាក់ព័ន្ធនឹងទឹកជំនន់នៅរដ្ឋ Gujarat ស្របពេលដែលក្រុមឧតុនិយមនៅប្រទេសឥណ្ឌា និងប្រទេសជិតខាងប៉ាគីស្ថាន បានព្រមានថា ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នឹងវាយប្រហារតំបន់ឆ្នេរ ។
ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និយាយថា មនុស្សជាង ១៨.០០០នាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីថ្ងៃអាទិត្យមក ចេញពីទីក្រុងនៅតាមតំបន់ឆ្នេរ ៕