ក្រុមអាជ្ញាធរអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់រុស្ស៊ីកាលពីយប់កន្លងទៅ បានធ្វើខូចខាតរោងចក្រមួយកន្លែងស្ថិតនៅទីក្រុងភាគខាងជើង Sumy របស់អ៊ុយក្រែន ដោយបានសម្លាប់ស្រ្តី ២នាក់ និងមនុស្សយ៉ាងហោច ១១នាក់ផ្សេងទៀត រងរបួស ។
ការិយាល័យរដ្ឋអាជ្ញាធរអ៊ុយក្រែន និយាយថា រោងចក្ររងការវាយប្រហារផលិតការវេចខ្ចប់ អាហារទារក ទឹកផ្លែឈើ និងផលិតផលប្រើប្រាស់ផ្ទះ ។
ក្រុមរដ្ឋអាជ្ញាក្នុងតំបន់និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ស្រ្តីរងរបួសម្នាក់ បានស្លាប់ពេលមកដល់មន្ទីរពេទ្យ ហើយសាកសពរបស់ជនរងគ្រោះម្នាក់ទៀត ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក ។
ការវាយប្រហារនេះដែរ បណ្តាលឲ្យកើតមានអគ្គិភ័យ បង្ខំឲ្យក្រុមអាជ្ញាធរនិយាយប្រាប់អ្នកស្រុកឲ្យស្នាក់នៅក្នុងផ្ទះ និងបិទបង្អួច ដោយសារតែកង្វក់បរិយាកាស ។
សូមបញ្ជាក់ថា តំបន់ Sumy ជាប់ព្រំដែនជាមួយតំបន់ Kursk របស់រុស្ស៊ី ជាទីដែលអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំឆ្លងកាត់ព្រំដែនរបស់ពួកគេ ចាប់តាំងពីថ្ងៃទី ៦ ខែសីហារហូតមក ស្របពេលដែលទាហានរុស្ស៊ី បន្តការរុលទៅមុខរបស់ពួកគេនៅតំបន់យុទ្ធសាស្រ្ត Pokrovsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ៕