ការវាយប្រហារនៅចម្ងាយប្រហែល៨០ម៉ាយ ភាគខាងជើងរដ្ឋធានី ប្រទេសបួគីណាហ្វាសូ គឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយ ក្នុងរយៈពេលជិតមួយទសវត្សរ៍នៃអំពើហិង្សាឥស្លាមនិយម នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
កាលបរិច្ឆេទនៃការវាយប្រហារ ត្រូវបានផ្ទៀងផ្ទាត់ដោយប្រភពសារព័ត៌មាន Reuters និងបញ្ជាក់ដោយទាំងយោធាប្រទេសបួគីណាហ្វាសូ និងក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដែលបានអះអាងទទួលខុសត្រូវ។
សាច់ញាតិជនរងគ្រោះមួយក្រុម និយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅពេលដែលក្រុមជីហាដ បានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលកំពុងជីកលេណដ្ឋានការពារ តាមបទបញ្ជារបស់យោធា។
វីដេអូជាច្រើនដែលត្រូវបានចេញផ្សាយដោយក្រុមសកម្មប្រយុទ្ធនៅលើបណ្តាញផ្សព្វផ្សាយសង្គម និងផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញសាកសពជាង១០០នាក់ ត្រូវបានគេដាក់គរនៅក្នុងលេណដ្ឋាន ដែលភាគច្រើនក្នុងសម្លៀកបំពាក់ជាជនស៊ីវិល។
សាខារបស់ក្រុមអាល់កៃដា និយាយថា ខ្លួនបានវាយប្រហារទាហាន និងសមាជិកកងជីវពល ដែលជីកលេណដ្ឋាន ហើយបានសម្លាប់មនុស្សជិត៣០០នាក់ ដោយចាត់ទុកថាជនរងគ្រោះទាំងនេះ ជាអ្នកប្រយុទ្ធ ពុំមែនជនស៊ីវិលទេ។
របបយោធា ដែលកំពុងកាន់អំណាចនៅប្រទេសបួគីណាហ្វាសូ ពុំបាននិយាយនោះថា មានមនុស្សប៉ុន្មាននាក់ត្រូវបានសម្លាប់ ប៉ុន្តែបាននិយាយថា ជនស៊ីវិលស្ថិតក្នុងចំណោមជនរងគ្រោះ។
ការវាយប្រហារនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះនៅតែបន្ត ដែលបានញាំញីតំបន់ Sahel រយៈពេលជិតមួយទសវត្សរ៍មកហើយ។