ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយ កាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប បានច្រានចោលសំណើពីទីក្រុងគីវ សម្រាប់ប្លុកនេះ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែននៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ប៉ុន្តែនឹងបណ្តុះបណ្តាលពួកគេនៅជិតទឹកដីអ៊ុយក្រែនបំផុតតាមដែលអាចធ្វើទៅបាន។ លោក Borrell បាននិយាយថា សហភាពអឺរ៉ុប បានបណ្តុះបណ្តាលទាហានអ៊ុយក្រែនប្រហែល ៦០.០០០នាក់នៅក្នុងព្រំដែននៃសហភាពសេដ្ឋកិច្ច ចាប់តាំងពីការវាយលុកពេញលេញរបស់រុស្ស៊ី នៅអ៊ុយក្រែ ក្នុងឆ្នាំ២០២២ ហើយនឹងមានបំណងបណ្តុះបណ្តាលទាហានចំនួន ១៥.០០០នាក់ បន្ថែមទៀត នៅចុងឆ្នាំនេះ។
ទីក្រុងគីវ បានស្នើឱ្យសហភាពអឺរ៉ុប ពិចារណាលើការបណ្តុះបណ្តាលមួយចំនួននៅក្នុងទឹកដីអ៊ុយក្រែន ដោយលើកហេតុផលថា វានឹងមានល្បឿនលឿនជាង សន្សំសំចៃបានច្រើន និងដឹកជញ្ជូនងាយស្រួលជាងនៅផ្នែកក្នុងសហភាពអឺរ៉ុប។ ប៉ុន្តែបណ្តាប្រទេសសហភាពអឺរ៉ុបជាច្រើន មានការស្ទាក់ស្ទើរក្នុងការដាក់ពង្រាយកងទ័ពនៅខាងក្នុងប្រទេសអ៊ុយក្រែន ដោយបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។
លោក Borrell បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលថា «រដ្ឋសមាជិកមួយចំនួនបានត្រៀមខ្លួនរួចរាល់ហើយ ខណៈមួយចំនួន មានភាពស្ទាក់ស្ទើរ»។ លោកនិយាយថា នៅទីបំផុត យើងបានសម្រេចថា ការបណ្តុះបណ្តាលនឹងស្ថិតនៅជិតអ៊ុយក្រែនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែពុំមែននៅក្នុងទឹកដីអ៊ុយក្រែនទេ។
ការសម្រេចកាលពីថ្ងៃសុក្រ នឹងមិនរារាំងសមាជិកសហភាពអឺរ៉ុបណាមួយ ឬក្រុមណាមួយរបស់ពួកគេមិនឲ្យបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។ លោក Borrell និយាយថា សហភាពអឺរុបបានផ្តល់គ្រាប់រំសេវ និងមីស៊ីលចំនួន ៦៥០.០០០គ្រាប់ដល់ប្រទេសអ៊ុយក្រែន ក្រោមការជំរុញដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ ខណៈមានបំណងដឹកជញ្ជូនគ្រាប់រំសេវចំនួន១លានគ្រាប់ក្នុងរយៈពេល១២ខែ។ លោក Borrell និយាយថា យើងកំពុងបង្កើនល្បឿនកាន់តែខ្លាំងឡើងៗ ដោយការផលិតលឿនជាងមុន ឧស្សាហកម្មកំពុងតែបង្កើនសមត្ថភាព ហើយលោកសង្ឃឹមថា នៅចុងឆ្នាំនេះ វានឹងឈានដល់គោលដៅ។