វេទិការបស់ប្រជុំកោះប៉ាស៊ីហ្វិក បានដកការយោងទៅដល់កោះតៃវ៉ាន់ចេញពីសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ (ទី៣០ ខែសីហា) បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំ ក្នុងតំបន់ ដោយសារមានការតវ៉ាពីបេសកជនរបស់ប្រទេសចិន។
ប្លុកដែលមាន ១៨ប្រទេស រួមមានសមាជិក ៣ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងចំនួន ១៥ប្រទេស ដែលទទួលស្គាល់ប្រទេសចិន ជាអ្នកផ្តល់ប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដល់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ជាកន្លែងដែលទីក្រុងប៉េកាំងកំពុងប្រឹងប្រែងបង្កើនវត្តមានរបស់ខ្លួនផ្នែកសន្តិសុខ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ នៅលើគេហទំព័ររបស់វេទិការួម មានកថាខណ្ឌមួយដែលមានចំណងជើងថា «ទំនាក់ទំនងជាមួយកោះតៃវ៉ាន់/សាធារណរដ្ឋចិន» ដោយលើកឡើងថា «បណ្ដាមេដឹកនាំបានអះអាងឡើងវិញនូវការសម្រេចចិត្តរបស់មេដឹកនាំឆ្នាំ១៩៩២ ស្តីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់/សាធារណរដ្ឋចិន»។
សេចក្តីថ្លែងការណ៍នោះត្រូវបានដកចេញពីគេហទំព័រ កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានប្រតិកម្មតបដោយខឹងសម្បាពីប្រទេសចិន ហើយឯកសារថ្មីមួយ ត្រូវបានបង្ហោះនៅព្រឹកថ្ងៃសៅរ៍នេះ ដោយការលើកឡើងយោងទៅដល់កោះតៃវ៉ាន់ត្រូវបានលុបចេញ។
លេខាធិការដ្ឋាននៃវេទិកានេះ មិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការសុំការអត្ថាធិប្បាយនោះទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរពីស្ថាប័នកិច្ចការបរទេសរបស់កោះតៃវ៉ាន់៕

