យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា (NCDC) ករណីឆ្លងជំងឺអុតស្វា(Mpox) នៅក្នុងប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ៤៨នាក់ ខណៈជំងឺនេះ ត្រូវបានរាយការណ៍លេចវត្តមាននៅក្នុងរដ្ឋធានី អាប៊ូចា (Abuja) និងរដ្ឋចំនួន២០ ផ្សេងទៀត ។
ទោះបីមានករណីឆ្លងកើនឡើងក៏ដោយ រហូតមកដល់ពេលនេះ ពុំទាន់មានអ្នកស្លាប់ណាម្នាក់ត្រូវបានរាយការណ៍ទេ។ រដ្ឋាភិបាលបានទទួលការដឹកជញ្ជូនវ៉ាក់សាំងចំនួន ១០.០០០ ដូសពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែសីហា ដើម្បីជួយទប់ស្កាត់កុំឲ្យផ្ទុះឡើងកាន់តែខ្លាំងថែមទៀត។
ជាងនេះទៅទៀត ទម្រង់ប្រកាសសុខភាពសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ត្រូវបានណែនាំ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
សហភាពអាហ្រ្វិក បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ ជាការឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះនៅទូទាំងទ្វីបអាហ្វ្រិក។
ជំងឺអុតស្វា ត្រូវបានចម្លងតាមរយៈទំនាក់ទំនងជាមួយសត្វកណ្ដុរ ដែលឆ្លងមេរោគនេះ មនុស្ស ឬវត្ថុដែលមានផ្ទុកមេរោគនេះ។ រោគសញ្ញាជាធម្មតាលេចឡើងចន្លោះពី៥ ទៅ២១ ថ្ងៃបន្ទាប់ពីការប៉ះពាល់ ហើយមានអាការៈដូចជាគ្រុនក្តៅ ឈឺខ្លួន ឡើងកូនកណ្តុរ និងដំបៅស្បែក។ ខណៈពុំទាន់មានការព្យាបាលច្បាស់លាស់ ឱសថប្រឆាំងវីរុស អាចជួយគ្រប់គ្រងស្ថានភាពបាន។ ករណីភាគច្រើនគឺស្រាល ដោយមានការជាសះស្បើយឡើងវិញក្នុងរយៈពេលពីរ-បីសប្តាហ៍៕