ក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលទទួលដំណឹងជាវិជ្ជមាន ក្នុងការដំឡើងនូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ខាងមុខបន្ថែមទៀត ខណៈភាគីសហជីពស្នើសុំដំឡើងចំនួន ១៤ដុល្លារ រីឯភាគីនិយោជកព្រមបន្ថែមចំនួន ១ដុល្លារ។
កម្មករ កម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សៅលែន ឬហៅរោងចក្រ ៦ជាន់ ស្ថិតនៅសង្កាត់ត្រពាំងថ្លឹង ខ័ណ្ឌពោធិ៍សែន នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា រហូតមកដល់ពេលនេះ ពួកគាត់មានសង្ឃឹម និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលតែងតែគិតគូរក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំដល់កម្មករនិយោជិត ទោះបីជាមិនបានច្រើនតាមការចង់បាន ប៉ុន្តែនៅមានសញ្ញាលេខបូកជានិច្ច។
កម្មករ កម្មការនីរោងចក្រ សង្ឃឹមទៀតថា ការចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដោយសារភាពជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់អំពីសុខទុក្ខការរស់របស់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់។
លោក ឈុន ប៉ែន សហពន្ធ័សហជីពខ្មែរ បានឲ្យដឹងដែរថា ចាប់តាំងពីវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ ស្ថានភាពនៃការរស់នៅ ក៏ដូចជាការបំពេញការងាររបស់កម្មករនិយោជិត គឺមានភាពល្អប្រសើរច្រើន ដោយមានការងារធ្វើជាប់ជាប្រចាំ និងមានការងារថែមម៉ោងជាដើម ដោយសារការបញ្ជាទិញកើនឡើង។ជាមួយនេះ លោកក៏បានសម្តែងការដឹងគុណ និងអរគុណថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានទឹកចិត្ត យល់ដល់កម្មករតាមរយៈការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ជាក់ស្តែង ទោះបីជួបវិបត្តិសេដ្ឋកិច្ចសាកលដោយសារកូវីដ ក៏ពួកគាត់ខិតខំបន្ថែមប្រាក់ដល់កម្មកររោងចក្រទាំងអស់។
គួររម្លឹកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៤កន្លងទៅ ភាគីសហជីពតំណាងកម្មករនិយោជិត បានមូលមតិគ្នាសម្រេច ស្នើសុំដំឡើងចំនួន ១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ ដុល្លារ ខណៈភាគីនិយោជក បានកំណត់ដំឡើងចំនួន ១ដុល្លារ៕ អត្ថបទ ឈិត បូរ៉ាវី







