ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគុណភាពជាងល្បឿន នៅក្នុងការសាងសង់រោងចក្រ និងសម្ភារៈទំនើបៗផ្សេងទៀត ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តក្នុងការអភិវឌ្ឍតំបន់ដែលមិនទាន់មានការអភិវឌ្ឍ នៅខាងក្រៅទីក្រុងព្យុងយ៉ាង។

សេចក្តីណែនាំនេះ ត្រូវបានចេញក្នុងអំឡុងពេល«ផ្តល់ការណែនាំដល់ទីកន្លែង»របស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រឧស្សាហកម្មក្នុងតំបន់ ដែលកំពុងសាងសង់ នៅក្នុងតំបន់ហាមជូ (Hamju) ខេត្តហាមយ៉ុងខាងត្បូង(South Hamgyong) កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។

ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម បានសង្កត់ធ្ងន់ថា គុណភាព ត្រូវតែត្រូវបានធានា ហើយថា «ការអនុវត្តណាមួយដែលមិនយកចិត្តទុកលើគុណភាព តែផ្តោតទៅលើល្បឿននោះ គឺជាទង្វើបង្កគ្រោះថ្នាក់ ដែលរារាំងគោលនយោបាយរបស់បក្សនេះ លើការកសាងក្នុងតំបន់»។
ប្រទេសកូរ៉េខាងជើង បាននិងកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងខេត្ត ដែលមិនទាន់មានការរីកចម្រើន បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោក គីម ក្នុងការធ្វើទំនើបកម្មរោងចក្រ នៅក្នុងតំបន់ចំនួន ២០ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ «គោលនយោបាយអភិវឌ្ឍន៍តំបន់ ២០-១០» របស់ប្រទេសនេះ មានគោលបំណងលើកឡើងនូវអ្វីដែលរបបនេះ សំដៅទៅលើសម្ភារៈជាមូលដ្ឋាន និងកម្រិតជីវភាពវប្បធម៌របស់ប្រជាជន។