ការរកឃើញចំណាប់ថ្នូរ ៦នាក់ដែលត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានធ្វើឲ្យការចរចា ដើម្បីឲ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ដោយទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថា «ប៉ុន្មានថ្ងៃខាងមុខ នឹងឈានដល់ដំណាក់កាលដ៏មានសារៈសំខាន់» ក្នុងការជំរុញឲ្យមានការដោះលែងអ្នកទាំងនោះ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។
ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នៅក្នុងកិច្ចប្រជុំនិម្មិតមួយ កាលពីថ្ងៃអាទិត្យ (ទី១ ខែកញ្ញា) បានប្រាប់ក្រុមគ្រួសារនៃចំណាប់ថ្នូរអាមេរិកដែលត្រូវបានឃុំខ្លួនថា រដ្ឋបាលនឹង «ធ្វើការឥតឈប់ឈរ ដើម្បីឲ្យបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលធានាដល់ការដោះលែងចំណាប់ថ្នូរនៅសល់»។ នេះបើយោងតាមសេចក្ដីសង្ខេបនៃការពិភាក្សាដែលត្រូវបានចេញផ្សាយដោយក្រុមគ្រួសារទាំងនោះ។
តែបណ្ដាមន្ត្រីអាមេរិកបាននិយាយថា ការស្លាប់របស់ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធ ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នឹងមិនបណ្តាលឲ្យកិច្ចពិភាក្សាត្រូវជាប់គាំងនោះទេ។ ផ្ទុយទៅវិញ ពួកគេបានពណ៌នាអំពីភាពបន្ទាន់ថ្មី ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយនិងនាំយកអ្នកផ្សេងទៀតដែលនៅតែជាប់ឃុំឃាំងទាំងនោះទៅកាន់គេហដ្ឋានរបស់ពួកគេវិញ។
ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និងអាមេរិក បានប្រញាប់ប្រញាល់បញ្ចេញប្រតិកម្ម ក្រោយយោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានរកឃើញសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់ចំនួន ៦នាក់ នៅតំបន់ហ្កាហ្សា។ ហើយខណៈដែលការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល បានរីករាលដាលពាសពេញប្រទេស នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់ក្រុមហាម៉ាសថា បានសម្លាប់បុគ្គលទាំងប្រាំ ៦រូបនោះ ព្រមទាំងនិយាយថា ក្រុមនេះមិនមានភាពប្រាកដប្រជា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។
នៅថ្ងៃអាទិត្យនោះដែរ ប្រភពដែលដឹងអំពីកិច្ចចរចានេះ បានប្រាប់សារព័ត៌មាន CNN ថា ការប៉ះពាល់ ចំពោះកិច្ចចរចានេះ ទំនងជានឹងបានឃើញច្បាស់ នៅមួយថ្ងៃ ឬ ២ថ្ងៃបន្ទាប់៕