អាមេរិក៖ មន្ទីរបញ្ចកោណបានដកការនិយាយការពារការវាយប្រហារ ដោយយន្តហោះដ្រូនដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន ដោយប្រកាសកាលពីថ្ងៃសុក្រថា ការពិនិត្យឡើងវិញបានបង្ហាញថា មានតែជនស៊ីវិលប៉ុណ្ណោះដែលបានស្លាប់នៅក្នុងការវាយប្រហារ មិនមែនជាក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមដូចដែលបានលើកឡើងដំបូងឡើយ។

មេបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Frank McKenzie បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា ការវាយប្រហារគឺជាកំហុសសោកនាដកម្ម។ លោក McKenzie បានសុំទោសចំពោះកំហុសនេះ ហើយបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាទូទាត់សំណងដល់គ្រួសារជនរងគ្រោះ។ លោកបាននិយាយថា ការសម្រេចវាយប្រហារលើរថយន្តតូយ៉ូតាកូរ៉ូឡាពណ៌សមួយគ្រឿង បន្ទាប់ពីបានតាមដានរយៈពេលប្រហែល ៨ម៉ោងត្រូវបានធ្វើឡើងនៅក្នុងជំនឿយ៉ាងស្មោះត្រង់ ដោយផ្អែកលើភាពប្រាកដប្រជាដែលវាបង្កការគំរាមកំហែង ដល់កងកម្លាំងសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលលោកបាននិយាយថា រថយន្តនោះត្រូវបានគេជឿថា មានផ្ទុកគ្រឿងផ្ទុះនៅក្នុងរថយន្ត។
អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី២៩ ខែសីហា មន្ត្រីមន្ទីរបញ្ចកោណអះអាងថា វាត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ទោះបីមានជនស៊ីវិល ១០នាក់បានស្លាប់រួមទាំងកុមារ ៧នាក់ក៏ដោយ។ ក្រោយមកអង្គភាពព័ត៌មានបានបង្កើនការសង្ស័យ អំពីព្រឹត្តិការណ៍នោះដោយមានការរាយការណ៍ថា អ្នកបើកបររថយន្តដែលជាគោលដៅនោះ គឺជាបុគ្គលិកយូរ អង្វែងនៅអង្គការមនុស្សធម៌អាមេរិក។ រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ បានសុំទោសចំពោះអ្វីដែលលោកហៅថាជា កំហុសដ៏រន្ធត់មួយ៕
អត្ថបទ៖ ប៊ុនថន