លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានអញ្ជើញបើកបវេសនកាលសាលារៀនសុវណ្ណភូមិ ឆ្នាំសិក្សាថ្មី២០២៤-២០២៥ កម្មវិធីចំណេះទូទៅខ្មែរ និងអន្តរភាសា IEP និងប្រគល់បណ្ណសរសើរ និងរង្វាន់ដល់សិស្សជ័យលាភី, នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ យូ ឃីម ធីឡាយ និងលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប និងតំណាងដៃគូសហការ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក គ្រប់លំដាប់ថ្នាក់ និងក្មួយៗ កូនៗ សិស្សានុសិស្សសាលារៀនសុវណ្ណភូមិ។
កញ្ញា ឡុង កែនណារ៉ូ ប្រធានផ្នែកគ្រប់គ្រងកម្មវិធីអន្តរភាសា ខ្មែរ-អង់គ្លេស បានឲ្យដឹងថា កម្មវិធីអន្តរភាសា ខ្មែរ-អង់គ្លេស(IEP) គឺជាកម្មវិធីសិក្សាពេញមួយថ្ងៃចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ដែលមានកម្មវិធីសិក្សាខ្មែរថ្នាក់ជាតិ កម្មវិធីអង់គ្លេសកំរិតស្តង់ដារអន្តរជាតិ និងកម្មវិធីភាសាចិន។ យើងមានគ្រូថ្នាក់ជាតិ និងគ្រូបរទេស ជាគ្រូបន្ទុកថ្នាក់ផ្ទាល់ ប្រកបដោយវិជ្ជាជីវៈ និងគរុកោសល្យដែលពោពេញដោយជំនាញច្បាស់លាស់ និងមានឆន្ទៈក្នុងការពង្រឹងការសិក្សារបស់សិស្សានុសិស្ស។
សិស្សនុសិស្សបញ្ចប់ការសិក្សាក្នុងកម្មវិធីអន្តរភាសា IEP ទទួលបានសញ្ញាបត្រ និងទទួលស្គាល់ដោយស្តង់ដារជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំសិក្សាកន្លងមកនេះ កម្មវិធីអន្តរភាសា IEP បានផ្តល់សេវាអប់រំស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាពក្នុងទីតាំងទាំង១៥ នៃសាលារៀនសុវណ្ណភូមិ ដែលមានចំនួនសិស្ស ប្រមាណ ១៥០០នាក់។
ជាមួយគ្នានោះដែរលោក ម៉ោញ សុផាត នាយកការិយាល័យសិក្សាចំណេះទូទៅខ្មែរ បានលើកឡើងថា ស្ថិតិសិស្សនៅដើមឆ្នាំ២០២៤-២០២៥នេះ សិស្សចំណេះទូទៅខ្មែរសរុបមានចំនួន ៣២.២៩៦នាក់ សិស្សមត្តេយ្យសិក្សាសរុបមាន ៥.៥២១នាក់ សិស្សបឋមសិក្សាមានចំនួន ១៥.៨៧៩នាក់ និងសិស្សមធ្យមសិក្សា ពីថ្នាក់ទី៧ ដល់ទី១២មានចំនួន ១០.៨៩៦នាក់ បើធៀបនឹងដើមឆ្នាំសិក្សា២០២៣-២០២៤ ដែលសិស្សសរុប មានចំនួន ២៩.២៥៩នាក់ នោះមានន័យថាសិស្សមានការកើនឡើងចំនួន ៣.០៣៧នាក់។ ចំពោះលទ្ធផលសិស្សថ្នាក់ទី៩ និងទី១២ បួនឆ្នាំកន្លងមកនេះ ឆ្នាំសិក្សា២០២០-២០២១ ថ្នាក់ទី៩ និទ្ទេសល្អ ៣៨១នាក់ ចំណែកថ្នាក់ទី១២ និទ្ទេស A ៤៦នាក់, ឆ្នាំសិក្សា២០២១-២០២២ និទ្ទេសល្អ ១៩២នាក់ ចំណែកថ្នាក់ទី១២ និទ្ទេស A ៤៩នាក់, ឆ្នាំសិក្សា២០២២-២០២៣ និទ្ទេសល្អ ១៥១នាក់ ចំណែកថ្នាក់ទី១២ និទ្ទេស A ៧៥នាក់ និងឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេសល្អ២១០នាក់។
ជាចុងក្រោយក្នុងនាមលោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអ្នកទទួលខុសត្រូវរួមរបស់សាលារៀនសុវណ្ណភូមិ នឹងចូលរួមលើកកម្ពស់គុណភាពអប់រំរបស់សាលារៀនសុវណ្ណភូមិ ធ្វើយ៉ាងណាឱ្យក្មួយៗ ប្អូនៗសិស្សានុសិស្ស ទទួលបាននូវវិជ្ជា សម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទាពេញលេញ ដើម្បីឱ្យពួកគាត់ក្លាយជាពលរដ្ឋ ពេញលេញប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោកឧកញ៉ា ជា ធីឡាយ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងារ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ស្ថាប័នទាំងមូល៕ អត្ថបទ រដ្ឋា











