ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពុំធ្វើអ្វីគ្រប់គ្រាន់ដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ដោយក្រុមហាម៉ាស នោះទេ។

កាលពីចុងសប្តាហ៍ កងកម្លាំងអ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ខ្មាំង៦នាក់ពីផ្លូវរូងក្រោមដីមួយកន្លែងក្នុងតំបន់ហ្កាហ្សា។ ក្នុងចំណោមពួកគេ មានជនជាតិអាមេរិក-អ៊ីស្រាអែល អាយុ២៣ឆ្នាំ ឈ្មោះ Hersh Goldberg-Polin។ យោធាអ៊ីស្រាអែល បាននិយាយថា ពួកគេត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីពេលថ្មីៗនេះ។

ការវិវឌ្ឍន៍នេះ បានបង្កឱ្យមានការរិះគន់ចំពោះយុទ្ធសាស្ត្របទឈប់បាញ់នៅតំបន់ហ្កាហ្សារបស់រដ្ឋបាល លោក Biden ហើយជាមួយគ្នានេះ ប្រជាជនអ៊ីស្រាអែល ក៏កំពុងបង្កើនសម្ពាធលើលោក Netanyahu ផងដែរ។
ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មតាមដងផ្លូវជាថ្មីម្តងទៀត កាលពីថ្ងៃចន្ទ ដោយស្នាក់នៅខាងក្រៅ នៅពេលយប់ ក្នុងទីក្រុង Tel Aviv។
លោក NETANYAHU និយាយថា សម្ពាធជាអន្តរជាតិ ត្រូវតែសំដៅទៅលើឃាតករ ទៅលើក្រុមហាម៉ាស ពុំមែនទៅលើអ៊ីស្រាអែលទេ។ លោក Netanyahu បានបង្ហាញខ្លួនដើម្បីឆ្លើយតប នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Biden។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយថា ការរិះគន់របស់លោក Biden គឺជាការទទួលស្គាល់របស់សហរដ្ឋអាមេរិក ថា លោក Netanyahu ទទួលខុសត្រូវចំពោះការធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀង។
លោក Netanyahu បានចោទប្រកាន់ក្រុមហាម៉ាស ថា បានរារាំងកិច្ចព្រមព្រៀង។ រយៈពេលជាច្រើនខែនៃការចរចា ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ប្រទេសកាតា និងអេហ្ស៊ីប រហូតមកដល់ពេលនេះ ពុំបានឈានដល់កិច្ចព្រមព្រៀង តាមសំណើដែលបានដាក់ចេញដោយលោក Biden កាលពីខែឧសភា នោះទេ។