ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី២ កញ្ញា ឆ្នាំ២០២៣ បានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ស្តីពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួង។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមហ៊ុនពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យកសិករអាចប្រើប្រាស់សេវាកម្មនេះ ដោយចំណាយតិច ថ្លៃដើមផលិតទាប ទទួលបានផលចំនេញច្រើន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនដើម្បីសិក្សាបន្ថែម តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ ជាពិសេសសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាននូវបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារៈ និងសេវាកម្មថាមពលសូឡា ដែលមានភាពចំនេញ និងមានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។
សូមជម្រាបជូនថា សូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនផ្តោតលើការផលិតផលិតផលគ្រឿងចក្រដែលមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សេវាកម្មថែទាំ និងការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ៕ អត្ថបទ ឈិត បូរ៉ាវី








