ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW កំពុងប្រមូលរថយន្តអគ្គិសនីម៉ូដែល មីនី ឃូបភើ អេសអ៊ី (Mini Cooper SE) យកមកវិញ ដោយសារបញ្ហានៅក្នុងថ្មរបស់រថយន្ត ដែលអាចប៉ះពាល់ដល់រថយន្តជាង ១៤០.០០០គ្រឿងនៅទូទាំងពិភពលោក នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (០២ កញ្ញា)។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រថយន្តប្រភេទនេះប្រហែល ៣៩.០០០គ្រឿងអាចរងផលប៉ះពាល់នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយបន្ថែមថាមិនមានគ្រោះថ្នាក់ ឬការរងរបួស ដែលត្រូវបានរាយការណ៍ដោយសារបញ្ហានេះទេ។ សេចក្តីថ្លែងការណ៍បានបន្តថា បញ្ហានៅក្នុងប្រព័ន្ធថ្មអាចនាំឱ្យឡើងកម្ដៅដែលនាំឱ្យឆេះរថយន្ត ទោះជាក្នុងករណីចតចោលក៏អាចមានបញ្ហាដែរ។

ផ្នែកទន់ (software) នៃរថយន្តមានមុខងារវិនិច្ឆ័យដែលដឹងពីដំណើការខុសប្រក្រតីនៃថ្ម និងជូនដំណឹងដល់អ្នកបើកបរ។ ក្រុមហ៊ុន BMW នេះនិយាយថា រថយន្តដែលប្រមូលមកវិញនោះរួមមានម៉ូដែលឆ្នាំ២០២០ ដល់២០២៤ ហើយអតិថិជននឹងត្រូវបានស្នើឱ្យនាំយករថយន្តរបស់ពួកគេទៅកាន់ក្រុមហ៊ុនចែកចាយដែលមានការអនុញ្ញាតដើម្បីដំឡើងបច្ចុប្បន្នភាពកម្មវិធី(Update)៕
